ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា បានដកចេញ សំណើដែលយកថ្លៃសេវាដឹកជញ្ជូន២០ភាគរយសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយនិយាយថា លោកនឹងស្វះស្វែងរកកិច្ចព្រមព្រៀងវិនិយោគជាមួយរដ្ឋឈូងសមុទ្រជំនួសវិញ។

កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារនៅយប់ទីបួនជាប់ៗគ្នា បន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ដែលជំរុញឱ្យលោក Trump កាលពីថ្ងៃចន្ទ ដាក់ការបិទផ្លូវដឹកជញ្ជូនរបស់អ៊ីរ៉ង់ជាថ្មី និងស្នើឱ្យមានការបង់ថ្លៃសេវា។

អ៊ីរ៉ង់ បានវាយប្រហារលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកមួយកន្លែងក្នុងប្រទេសហ្ស៊កដានីដោយមីស៊ីលបាលីស្ទីក ខណៈប្រទេសបារ៉ែន ដែលធ្វើជាម្ចាស់ផ្ទះមូលដ្ឋានកងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានទប់ទល់ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ហើយរដ្ឋឈូងសមុទ្រផ្សេងទៀតក៏រងការបាញ់ផ្លោងផងដែរ។ ប្រទេសអារ៉ាប់រួមបាននិយាយថា សមាជិកនាវិកឥណ្ឌាម្នាក់ត្រូវបានសម្លាប់ និងប្រាំបីនាក់ផ្សេងទៀតរងរបួស នៅពេលដែលនាវាដឹកប្រេងរបស់ប្រទេសអារ៉ាប់រួមពីរគ្រឿងត្រូវបានវាយប្រហារដោយមីស៊ីលស៊ីបគោលដៅរបស់អ៊ីរ៉ង់។ការវាយប្រហារគ្នាជាថ្មីចាប់តាំងពីសប្តាហ៍មុនបានបង្កើនមន្ទិលសង្ស័យចំពោះអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុនក្នុងការឈានទៅរកការបញ្ឈប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលសង្គ្រាមបានធ្វើឲ្យរំខានដល់ការផ្គត់ផ្គង់ថាមពលសកល និងបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាជាសកល។
ចំណាត់ការដើម្បីយកថ្លៃសេវារបស់សហរដ្ឋអាមេរិកបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនប្រឆាំងនឹងការយកថ្លៃសេវាណាមួយសម្រាប់ច្រកសមុទ្រដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើនាវាចរណ៍ជាអន្តរជាតិ ហើយវាពុំមានមូលដ្ឋានច្បាប់សម្រាប់ការដាក់ចេញការឲ្យបង់ថ្លៃសេវាជាកាតព្វកិច្ចលើការដឹកជញ្ជូនតាមច្រកសមុទ្រនេះទេ។