«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាប្រគល់ជូនភរិយារបស់វីរកងទ័ពឈរជើងការពារបូរណភាពទឹកដី ដែលទើបសម្រាលកូនប្រុស ចំនួន ០១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។
ជាការចូលរួមអបអរសាទរចំពោះការស្វាគមន៍សមាជិកថ្មី ក្រុមការងារបានពាំនាំប្រសាសន៍សួរសុខទុក្ខដោយក្តីនឹករលឹករបស់ «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ជូនដល់ភរិយាដែលទើបសម្រាលបុត្រ វីរកងទ័ព រួមទាំងក្រុមគ្រួសាររបស់វីរកងទ័ព។ ថ្នាក់ដឹកនាំទាំងទ្វេរក៏បានអរគុណដល់សមាជិកក្រុមគ្រួសារវីរកងទ័ពដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរកងទ័ពឱ្យចូលរួមប្រយុទ្ធការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន។
ជាការតបស្នង វីរកងទ័ព និងភរិយា រួមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលតែងយកចិត្តទុកដាក់អំពីជីវភាព សុខទុក្ខរបស់វីរកងទ័ព រួមទាំងក្រុមគ្រួសារយ៉ាងដិតដល់ និងប្រកបដោយភាពកក់ក្តៅ ហើយសូមប្តេជ្ញាចិត្តស្មោះស្ម័គ្របម្រើជាតិមាតុភូមិ ការពារឱ្យបានដាច់ខាតនូវដែនដីសុវណ្ណភូមិនៃយើង។
គួររំលឹកផងដែរថា «សម្តេចធិបតី» ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់វីរកងទ័ពដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរកងទ័ពក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរកងទ័ពទៀតផង៕





