មន្ត្រីគយបានធ្វើសេចក្តីរាយការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CGTN នៅទីក្រុងប៉េកាំងថា ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនបានបង្ហាញកំណើនខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ទាំងការនាំចូល និងការនាំចេញបានកើនឡើងទោះបីជាមានបរិយាកាសពិភពលោកដ៏លំបាកក៏ដោយ។ ពួកគេនិយាយថាតួលេខទាំងនេះឆ្លុះបញ្ចាំងមិនត្រឹមតែសន្ទុះពាណិជ្ជកម្មកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូរជាបន្តបន្ទាប់ឆ្ពោះទៅរកនវានុវត្តន៍ និងផលិតផលដែលមានតម្លៃខ្ពស់ជាងមុនផងដែរ។

ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន បានរក្សាសន្ទុះខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ ។
ឧបនាយករដ្ឋមន្ត្រីនៃអគ្គនាយកដ្ឋានគយចិន លោក WANG JUN បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការនាំចូល និងនាំចេញទំនិញសរុបរបស់ប្រទេសចិនបានលើសពី២៥ សែនកោដិយ័ន ឬជាង៣,៧ សែនកោដិដុល្លារអាមេរិក កើនឡើង ១៦,៩ភាគរយបើធៀបទៅនឹងឆ្នាំមុន។

ការនាំចេញបានកើនឡើង១៣,៤ ភាគរយ ដែលជាកំណើនរយៈពេល១១ ត្រីមាសជាប់ៗគ្នា ខណៈការនាំចូលបានកើនឡើងលឿនជាងមុន កើនដល់២២,១ ភាគរយ។
ក្រុមមន្ត្រីនិយាយថា កំណើនពាណិជ្ជកម្មបានបង្កើនល្បឿនបន្ថែមទៀតនៅក្នុងត្រីមាសទីពីរ ដែលបានកត់ត្រាកំណើនប្រចាំត្រីមាសលឿនបំផុតចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ ២០២១ ។
ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដៃគូខ្សែក្រវាត់ និងផ្លូវ ( Belt and Road) មានចំនួនជាងពាក់កណ្តាលនៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។ ហើយពាណិជ្ជកម្មជាមួយប្រទេសជិតខាង អាមេរិកឡាទីន និងអាហ្វ្រិក សុទ្ធតែមានកំណើនទ្វេដង៕