ភ្នំពេញ៖ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងបោះជំហ៊ានទៅមុខ និងសម្រេចបានសមិទ្ធផលជាច្រើន។ នេះជាការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាសង្គមកិច្ចពិភពលោកឆ្នាំ២០២២។
ក្រសួងសង្គមកិច្ច រួមទាំងអង្គការជាដៃគូនៅថ្ងៃនេះ បានរៀបចំនូវការអបអរសាទរ ទិវាសង្គមកិច្ចពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាកសាងពិភពលោកមួយប្រកបដោយបរិស្ថានសង្គមថ្មី និងគ្មានអ្នកណាម្នាក់ត្រូវបានទុកចោល»។
ក្នុងឱកាសទិវានេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច លើកឡើងថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងបោះជំហានទៅមុខ និង ទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន តាមរយៈការអនុវត្តគោលនយោបាយ កម្មវិធីជាតិជាពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម សំដៅបង្កើតនូវសេវាសាធារណៈ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះក្នុងសង្គម និងការបង្កើតរបបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងជំនួយសង្គមសម្រាប់ប្រជាពលរដ្ឋ។
សមិទ្ធផលទាំងនោះ មានដូចជាការបង្កើតច្បាប់ស្តីពីយុត្តិធម៌អនីតិជន ការរៀបចំគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ការរៀបចំគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ ការបង្កើតមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ការបង្កើតមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រកម្លាំងសេវាសង្គម ២០២២-២០៣១ និងការដាក់ចេញនូវគោលការណ៍ក្នុងការជួយជនអនាថា ជនវិបល្លាសស្មារតី និងជនចំណាកស្រុក។
ពាក់ព័ន្ធនឹងកិច្ចការវិស័យសង្គមកិច្ចនេះ លោកស្រី Gloria Donateជានាយកប្រចាំប្រទេសនៃអង្គការ Save the Children បានមើលឃើញថា រយៈពេលពីរឆ្នាំមកនេះក្រសួងសង្គមកិច្ច បានបំពេញកិច្ចការជាច្រើន ដោយមិនទុកប្រជាពលរដ្ឋចោលនោះទេ។ ក្នុងនាមជាអង្គការដៃគូលោកស្រីថា Save the Children ក៏មានការប្ដេជ្ញាក្នុងការពង្រឹង កម្លាំងសេវាសង្គមនៅកម្ពុជា តាមរយៈការគាំទ្ររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល៕អត្ថបទ៖ គឹមហុក