បន្ទាប់ពីបានបិទការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស អ៊ីរ៉ង់ឥឡូវនេះកំពុងផ្តល់សញ្ញាថាខ្លួនអាចលេងសន្លឹកបៀរដ៏គ្រោះថ្នាក់បំផុតរបស់ខ្លួន ។ ការប្រើប្រាស់សម្ព័ន្ធមិត្តហ៊ូទីរបស់យេម៉ែនដើម្បីបិទផ្លូវទឹក Bab el-Mandeb ទៅកាន់សមុទ្រក្រហម ជាការបើកសមរភូមិថ្មីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងធ្វើឱ្យសរសៃឈាមថាមពលដ៏សំខាន់បំផុតពីររបស់ពិភពលោកគ្រោះថ្នាក់។

ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិកកាន់តែជ្រៅចូលទៅក្នុងប្រទេសអ៊ីរ៉ង់ និងការវាយប្រហាររបស់ក្រុមចលនាប្រដាប់អាវុធហ៊ូធីកាន់តែកើនឡើង ក្រុមអ្នកវិភាគនិយាយថា ទីក្រុងតេអេរ៉ង់កំពុងពង្រីកជម្លោះ និងស្វែងរកការបង្កើនសម្ពាធលើទីក្រុងវ៉ាស៊ីនតោនដោយពង្រីកការគំរាមកំហែងដល់ពាណិជ្ជកម្មសកល និងការផ្គត់ផ្គង់ថាមពលហួសពីឈូងសមុទ្រ។

អ៊ីរ៉ង់បានបង្ហាញរួចហើយនូវអំណាចនៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏មានតម្លៃបំផុតរបស់ខ្លួនដោយរំខានដល់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ឥឡូវនេះ ប្រទេសនេះហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយដើម្បីបើកចំណុចសម្ពាធទីពីរ Bab el-Mandeb នៅច្រកសមុទ្រក្រហម ជាផ្លូវទឹកតូចចង្អៀតដែលភ្ជាប់សមុទ្រក្រហមទៅនឹងឈូងសមុទ្រអាដែន ដែលការនាំចេញប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត និងចំណែកសំខាន់នៃការដឹកជញ្ជូនសកល ឆ្លងកាត់។
មន្ត្រីជាន់ខ្ពស់យេម៉ែនម្នាក់បានព្រមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបិទច្រកសមុទ្រ Bab el-Mandeb ជាសកម្មភាពមួយដែលលោកនិយាយថាអាចធ្វើឱ្យតម្លៃប្រេងឡើងដល់២០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីតបន្តវាយប្រហារយេម៉ែន នេះបើយោងតាមរបាយការណ៍មួយនៅលើគេហទំព័រ Press TV របស់អ៊ីរ៉ង់។ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើច្រកសមុទ្រ Hormuz គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏រឹងមាំបំផុតរបស់ទីក្រុងតេអេរ៉ង់ នោះច្រកសមុទ្រ Bab el-Mandeb អាចជាឧបករណ៍បម្រុងសំខាន់ចុងក្រោយរបស់ខ្លួន៕