ប្រជាពលរដ្ឋ និងកីឡាករ ដែលនិយមចូលចិត្តកីឡារត់ បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។
យោងតាមវីដេអូផលិតរួមគ្នា ស្របតាមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងគណៈកម្មការរៀបចំព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្មីៗ បានបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ប្រជាជនចិន មកលើស្ថេរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់នៅកម្ពុជា ដោយពួកគេ បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រលើទឹកដីអច្ឆរិយអង្គរនេះ។
តាមរយៈប្រភពដដែល ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញនូវការស្វាគមន៍អត្តពលិក ក៏ដូចជាភ្ញៀវទេសចរណ៍ចិនទាំងអស់ ក្នុងការធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ នាដើមខែសីហាខាងមុខ ជាមួយការធានានូវសុខសុវត្ថិភាពពេញលេញ ក្នុងរដូវកាលបៃតង ដែលជាពេលវេលាដ៏ស្រស់ស្អាតមួយកម្រិតទៀត ពិសេសនៅតំបន់អង្គរតែម្ដង។
ទន្ទឹមជាមួយគ្នា ទាំងតំណាងគណៈកម្មការព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ក៏ដូចជាប្រជាជនចិន បានសម្ដែងនូវសេចក្ដីរីករាយ ជាមួយការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមរត់ប្រណាំង នៅខេត្តសៀមរាប នាពេលឆាប់ៗខាងមុខ។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការជឿជាក់របស់ប្រជាជនចិន មកលើប្រទេសកម្ពុជា ដែលជាប្រទេសមានសុខសន្ដិភាពពេញលេញ ហើយក៏ជាសារមួយដ៏សំខាន់ ជួយជំរុញដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងការផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកផងដែរ។
សូមរំឮកថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍តាលីម៉ារ៉ាតុង បានចុះកិច្ចព្រមព្រៀងពបញ្ជូនប្រតិភូ និងអត្តពលិកអាជីព ក៏ដូចជាស្ម័គ្រចិត្ត ចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងទៅវិញទៅមក កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ហើយគម្រោងនេះ ត្រូវបានអនុវត្ត ២ឆ្នាំរួចមកហើយ ពិសេសការរៀបចំនៅឆ្នាំ២០២៥ ដោយមានប្រជាជនចិនចូលរួមច្រើនជាងគេ ខណៈឆ្នាំ២០២៦ នេះ ក៏រំពឹងនឹងទទួលបានអត្តពលិក ក៏ដូចជាភ្ញៀវទេសចរណ៍ពីចិន កាន់តែច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា








