បរិយាកាសនៃការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup រវាងក្រុមជម្រើសជាតិបារាំង និងអេស្ប៉ាញ មិនត្រឹមតែក្តៅគគុកនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើននៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ឱ្យជួបជុំគ្នាទស្សនាការប្រកួតក្នុងបរិយាកាសដ៏រស់រវើក និងប្លែកភ្នែក។
នៅ Stadium Swim នៃសណ្ឋាគារ Circa អ្នកគាំទ្ររាប់រយនាក់បានរីករាយទស្សនាការប្រកួតអមជាមួយការហែលទឹក និងសម្រាកកម្សាន្តក្រោមពន្លឺថ្ងៃ។ លោក Mike Palm អនុប្រធានប្រតិបត្តិការរបស់កាស៊ីណូ Circa, The D និង Golden Gate បានពន្យល់ថា ទីតាំងនេះមិនមែនជាអាងហែលទឹកធម្មតាទេ ប៉ុន្តែជាកន្លែងដែលបង្កើតឡើងសម្រាប់ការទស្សនាកីឡាដោយផ្ទាល់ ជាមួយអេក្រង់ដ៏ធំ ដែលត្រូវបានគេចាត់ទុកថាធំបំផុតនៅក្បែរអាងហែលទឹកក្នុងទីក្រុង Las Vegas។
លោក Palm បានបន្ថែមថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ វប្បធម៌កម្សាន្តពេលថ្ងៃនៅ Las Vegas មានការរីកចម្រើនយ៉ាងខ្លាំង ហើយ Stadium Swim បានរួមបញ្ចូលបទពិសោធន៍ទស្សនាកីឡា ការភ្នាល់កីឡា និងការកម្សាន្តនៅអាងហែលទឹកចូលគ្នា ដើម្បីផ្តល់បទពិសោធន៍ថ្មីដល់អ្នកគាំទ្រ។
អ្នកគាំទ្រជនជាតិបារាំង Hadil Chelda ដែលបច្ចុប្បន្នរស់នៅទីក្រុង Los Angeles បានធ្វើដំណើរមក Las Vegas ដើម្បីទស្សនាការប្រកួតជាមួយមិត្តភក្តិ។ លោកបាននិយាយថា បរិយាកាសនៅទីនោះពិតជាអស្ចារ្យ ដោយអាចរីករាយជាមួយអាកាសធាតុល្អ អាងហែលទឹក ភេសជ្ជៈ និងការទស្សនាបាល់ទាត់ក្នុងពេលតែមួយ។
ជាលទ្ធផលនៃការប្រកួត អេស្ប៉ាញបានយកឈ្នះបារាំងក្នុងលទ្ធផល ២-០ ហើយបានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈដែល Stadium Swim នឹងបន្តទទួលអ្នកគាំទ្រទស្សនាការប្រកួតបន្ទាប់រវាងអាហ្សង់ទីន និងអង់គ្លេសនៅថ្ងៃបន្ទាប់ផងដែរ៕ អត្ថបទ៖នាង សុភាវុធ


