រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅមន្ទីរបញ្ចកោណ និងបានដាក់ចេញលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយទីក្រុងបាកដាដ។

នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X ភ្លាមៗបន្ទាប់ពីជំនួប លោក Hegseth បាននិយាយថា អ៊ីរ៉ាក់ «ត្រូវតែអះអាងអធិបតេយ្យភាពរបស់ខ្លួន និងដកហូតអាវុធពីកងជីវពលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់» ដែលលោកបានដាក់កំហុសចំពោះការវាយប្រហារជាញឹកញាប់លើកងកម្លាំងសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់។

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ខណៈលោក Zaidi បានទៅធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកការវិនិយោគដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យប្រេង ឧស្ម័ន និងថាមពលរបស់អ៊ីរ៉ាក់បន្ទាប់ពីផលប៉ះពាល់នៃជម្លោះថ្មីៗនេះពាក់ព័ន្ធនឹងអ៊ីរ៉ង់ លើទិន្នផលប្រេងឆៅ និងហិរញ្ញវត្ថុរដ្ឋ។
លោក Zaidi បាននិយាយថា អ៊ីរ៉ាក់ ក្នុងនាមជាសមាជិកស្ថាបនិកមួយរបស់អង្គការ OPEC គួរតែទទួលបានចំណែកដ៏សមស្របនៃធនធានរបស់ខ្លួន។ លោកក៏បានបញ្ជាក់ពីការប្រយុទ្ធប្រឆាំងរយៈពេលជាច្រើនឆ្នាំរបស់ប្រទេសអ៊ីរ៉ាក់ប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយនិយាយថាជម្លោះនេះបានធ្វើឱ្យប្រទេសមានការខាតបង់ច្រើន និងបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ។