ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្ស៊ិក Leandro Trossard នឹងផ្ទេរទៅចូលរួមជាមួយក្លិបទួកគី Besiktas ដោយបញ្ចប់ការស្នាក់នៅទឹកដី Emirates រយៈពេល ៣ ឆ្នាំ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុប ១៧៤ ប្រកួតក្នុងគ្រប់ក្របខណ្ឌឱ្យ Arsenal និងស៊ុតបញ្ចូលទីបាន ៣៦ គ្រាប់ បន្ទាប់ពីផ្ទេរមកពីក្លិប Brighton កាលពីខែមករា ឆ្នាំ២០២៣។
តាមការចុះផ្សាយរបស់សារព័ត៌មាននៅចក្រភពអង់គ្លេស Besiktas នឹងចំណាយថ្លៃផ្ទេរប្រមាណ ១៧ លានផោន ដើម្បីនាំយក Trossard ខណៈកិច្ចសន្យារបស់គេជាមួយ Arsenal នៅសល់រហូតដល់ឆ្នាំ២០២៧ និងមានជម្រើសបន្តមួយឆ្នាំទៀត។
Arsenal ក៏បានបញ្ជាក់ថា Trossard ទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ទីក្រុង Istanbul ដើម្បីឆ្លងកាត់ការពិនិត្យសុខភាព មុនសម្រេចការផ្ទេរជាផ្លូវការ។
ក្នុងរដូវកាលមុន Trossard បានរួមចំណែកយ៉ាងសំខាន់ក្រោមការដឹកនាំរបស់លោក Mikel Arteta ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការបង្ហាញខ្លួន ៣១ ប្រកួតនៅ Premier League ខណៈ Arsenal បានបញ្ចប់ការរង់ចាំអស់រយៈពេល ២២ ឆ្នាំ ដើម្បីលើកពានជើងឯកលីគកំពូលអង់គ្លេស ហើយបានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League៕ អត្ថបទ៖នាង សុភាវុធ


