ក្រុមគ្រូពេទ្យចក្ខុសាស្រ្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តពិនិត្យគំហើញ ព្យាបាលភ្នែកបឋម ចែកវ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខដោយឥតគិតថ្លៃ។
សុខភាពភ្នែក គឺជាផ្នែកដ៏សំខាន់ នៃសុខភាពទូទៅ និងជាមូលដ្ឋានសម្រាប់ការសិក្សា ការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ លោកស្រី ស្រ៊ុន ម៉ារី ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ក្រោមកិច្ចចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយុទ្ធនាការពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ និងផ្តល់វ៉ែនតាជូនដោយឥតគិតថ្លៃ ស្ថិតនៅមណ្ឌលសុខភាពឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យចក្ខុសាស្ត្រ សហការជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈដោយមូលនិធិហ្រ្វេដហូឡូកម្ពុជា (The Fred Hollows Foundation Cambodia)។ សកម្មភាពនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពភ្នែក និងកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់។
ជាមួយគ្នានោះដែរលោកគ្រូពេទ្យ ហែម សុធី ប្រធានមណ្ឌលសុខភាពឃ្មួញ និងបងប្អូនប្រជាពលរដ្ឋ បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំ និងសូមដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមបណ្ឌិត ងី មានហេង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត និងវាយតម្លៃខ្ពស់ ចំពោះមូលនិធិហ្វ្រេដហូឡូកម្ពុជា ដែលបាននាំយកកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះមកដល់មូលដ្ឋានរបស់ពួកគាត់។
ជាចុងក្រោយក្នុងនាមប្រធានមណ្ឌលសុខភាពឃ្មួញ បានប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការបន្តសហការគាំទ្រ យ៉ាងពេញទំហឹងជាមួយមន្ទីរសុខាភិបាល និងអង្គការដៃគូ ដើម្បីនាំយកកម្មវិធីសុខភាពល្អៗមកជូនពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត។ ពង្រឹងគុណភាពសេវា ពិនិត្យ និងព្យាបាលបឋមនៅមណ្ឌលសុខភាព ឱ្យកាន់តែខិតជិត និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា






