នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី២ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្រាប់ការធ្វើជំរឿនមន្រ្តីជាក់ស្តែង ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅនៅពីរទីតាំង គឺនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ខណៈនេះ ក្រុមការងារគណៈកម្មការជំរឿនមន្រ្តី កំពុងបន្តពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីរាជការ ចាប់ពីថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពនានាចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសហការអនុវត្ត និងបានប្រតិបត្តិបង្ហាញខ្លួនធ្វើជំរឿន ដោយភ្ជាប់មកនូវជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា(ច្បាប់ដើម) យ៉ាងច្រើនកុះករ តាមការកំណត់របស់គណៈកម្មការជំរឿន។
សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាក្រសួងទី១៥ ដែលគណៈកម្មការបានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការធ្វើជំរឿនមន្ត្រីរាជការនេះ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី និងដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រី ដែលកំពុងបម្រើការងារពិតប្រាកដ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង រៀបចំឡើងក្នុងគោលបំណង ដើម្បី “ទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា”៕





