អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារទៅលើកំពង់ផែសមុទ្រខ្មៅរបស់ទីក្រុង Odesa កាលពីល្ងាចថ្ងៃចន្ទបណ្ដាលឲ្យក្មេងជំទង់ម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។

លោក Nataly Gumenyuk ប្រធានមជ្ឈមណ្ឌលព័ត៌មានសម្របសម្រួលរួម របស់កងកម្លាំងការពារភាគខាងត្បូងប្រទេសអ៊ុយក្រែនបាននិយាយថា ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីមីស៊ីលបានវាយប្រហារអគារលំនៅឋានមួយកន្លែងដែលមានមនុស្ស ៥នាក់កំពុងជ្រកកោន។ លោក Gumenyuk និយាយថា ស្ថាប័នសាសនាមួយកន្លែងត្រូវបានបំផ្លាញដោយការបាញ់ផ្លោងជាបន្តបន្ទាប់។ លេខាក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែនលោក Oleksiy Danilov និយាយថា ការវាយប្រហារលើទីក្រុង Odesa បានបំផ្លាញដំបូលព្រះវិហារមួយកន្លែង ហើយរុស្ស៊ីកាលពីថ្ងៃចន្ទបានបំផ្លាញស្ពានឆ្លងកាត់មួយនៅភាគខាងលិចទីក្រុង Odesa ជាកន្លែងដែលទន្លេ Dniester ហូរចូលទៅក្នុងសមុទ្រខ្មៅ។
ស្ពាននេះបានរងការបំផ្លាញរួចទៅហើយ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្សីពីរលើកកាលពីពេលមុន។ វាបានផ្តល់នូវការតភ្ជាប់ផ្លូវរថភ្លើងតែមួយគត់ និងផ្លូវហាយវេសម្រាប់ភ្ជាប់ទៅកាន់តំបន់ភាគខាងលិចទីក្រុង Odesa។ ការបំផ្លាញស្ពានបានកាត់បន្ថយដំណើរការចូលនៃការដឹកជញ្ជូនអាវុធ និងទំនិញផ្សេងទៀតពីប្រទេសរ៉ូម៉ានីដែលនៅជិតខាង៕
អត្ថបទ៖ ប៊ុនថន