ឯកអគ្គរដ្ឋទូតបារ៉ែនប្រចាំអង្គការសហប្រជាជាតិ លោក Jamal Fares Alrowaiei បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់ក្រុមហ៊ួទី ដែលគំរាមកំហែងដល់ការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Bab Al-Mandab និងសមុទ្រក្រហម រួមទាំងការវាយប្រហាររបស់អ៊ីរ៉ង់ ដែលប៉ះពាល់ដល់សេរីភាពនៃការឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺជា «ទម្រង់មួយនៃការគំរាមកំហែងដែលទាមទារឲ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

លោកបាននិយាយថា៖«ការវាយប្រហារទាំងអស់នេះទាមទារឲ្យក្រុមប្រឹក្សាមានជំហររឹងមាំមួយ ដើម្បីធានាសន្តិសុខនាវាចរណ៍ និងសេរីភាពនៃការឆ្លងកាត់នៅក្នុងច្រករបៀងសមុទ្រ»។
លោកបានថ្លែងទៅកាន់ក្រុមប្រឹក្សានាថ្ងៃអង្គារ បន្ទាប់ពីបានអនុម័តសេចក្តីសម្រេចលេខ ២៨២៦ ដែលបានបន្តអាណត្តិរយៈពេល ៦ខែ របស់លោកអគ្គលេខាធិការ UN ដើម្បីរាយការណ៍អំពីការវាយប្រហាររបស់ក្រុមហ៊ួទីប្រឆាំងនឹងការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហម។
លោក Alrowaiei បាននិយាយថា សមាជិកក្រុមប្រឹក្សា ត្រូវតែធានាថា ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ត្រូវបានគោរព «ដើម្បីការពារសន្តិភាព និងសន្តិសុខនៃតំបន់ និងដើម្បីបម្រើផលប្រយោជន៍របស់រដ្ឋជាសមាជិកទាំងអស់»៕
