ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែលគួរតែដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី ហើយបានជំរុញឲ្យលោកធ្វើដូចគ្នា នៅក្នុងប្រទេសលីបង់។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios។

ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែលដែលសុំមិនបញ្ចេញឈ្មោះ គេហទំព័រនេះ បាននិយាយថា លោក ត្រាំ បានបង្ហាញពីជំហររបស់លោកក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយលោក ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី ០៩ ខែកក្កដា។ យោងតាមរបាយការណ៍ លោក ប្រធានាធិបតីអាមេរិក បានប្រាប់លោកនាយករដ្ឋមន្ត្រីថា អ៊ីស្រាអែល «គួរតែចាប់ផ្តើមដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី» ហើយបានជំរុញឲ្យលោក«ធ្វើដូចគ្នានៅក្នុងប្រទេសលីបង់»។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា លោក ត្រាំ បានព្រមានលោក ណេតាន់យ៉ាហ៊ូ ថា វត្តមានរបស់កងកម្លាំងអ៊ីស្រាអែលនៅលើទឹកដីស៊ីរី «បង្កើតភាពតានតឹង និងអាចនាំឲ្យមានការកើនឡើងភាពតានតឹងកាន់តែខ្លាំងឡើង»។
លោក ត្រាំ បានប្រាប់លោក ណេតាន់យ៉ាហ៊ូថា ចំពោះប្រទេសស៊ីរី «ពួកគេមិនចង់ឲ្យអ្នកនៅទីនោះទេ។ ដូច្នេះ អ្នកគួរតែដកកងទ័ពចេញ»។ នេះបើយោងតាមមន្ត្រីរូបនេះ ដែលបានបន្ថែមថា សកម្មភាពដូចគ្នានេះ ក៏អនុវត្តចំពោះប្រទេសលីបង់ផងដែរ៕
