ប្រទេសអ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិ (UN) ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) ជាកិច្ចព្រមព្រៀងដែលមានគោលបំណងបញ្ចប់សង្គ្រាម និងចោទថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឱ្យដឹងថា នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres និងប្រធានក្រុមប្រឹក្សាសន្តិសុខ UN តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានសរសេរថា៖ «ស្ទើរតែភ្លាមៗបន្ទាប់ពីមានការចុះហត្ថលេខាលើ MOU និងបន្តរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនត្រឹមតែមិនគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញគ្រឹះដ៏សំខាន់នៃអនុស្សរណៈនេះយ៉ាងសកម្ម និងជាប្រព័ន្ធទៀតផង»។

លិខិតនោះបានចោទប្រកាន់ពីការរំលោភបំពាននានា ដែលរួមមានការបើកការវាយប្រហារយោធាជាថ្មីរបស់សហរដ្ឋអាមេរិក លើទឹកដីអ៊ីរ៉ង់ ការលុបចោលអាជ្ញាប័ណ្ណ សម្រាប់ការលក់ប្រេងរបស់អ៊ីរ៉ង់ ការបង្កើតផ្លូវនាវាចរណ៍ស្របគ្នាតាមច្រកសមុទ្រ Hormuz និងការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។
ជាមួយគ្នានេះ លោក Iravani បានបន្ថែមថា សង្គ្រាមលើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺជា «សកម្មភាពឈ្លានពានដោយគ្មានការបង្កហេតុ» ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលរំលោភលើធម្មនុញ្ញ UN ហើយលោកបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនោះ «បានរួមបញ្ចូលនូវឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាច្រើន»៕

