ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបានលឿន ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមបញ្ចាក់ថា ស្ថានីយបូមទឹក បឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចាប់ផ្តើមការសាងសង់ កាលពីដើមឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ដែលមានទំហំ អគារ១០ម៉ែត្រគុណនិង២០ម៉ែត្រ ហើយបានបញ្ចប់ការសាងសង់កាលពីអំឡុងខែមេសាឆ្នាំ ២០២៦កន្លងមកនេះ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន ១០០%ហើយ ដោយមានបំពាក់ម៉ូទ័រចំនួន ២គ្រឿង មានមុខកាត់ ១៥០០មីលីម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី។
លោក ហែន កន ចៅសង្កាត់បឹងសាឡាង បានបញ្ចាក់នាព្រឹកថ្ងៃទី១៥ កក្កដានេះបានឱ្យដឹងថា ក្រោយស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនារួចរាល់ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ផ្លូវម៉ៅសេទុង រហូតសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ និងមួយផ្នែកខ្លះនៃខណ្ឌ៧មករា គឺមិនទទួលរងការលិចលង់ឡើយ។
លោក ចៅសង្កាត់បឹងសាឡាង បានបន្តលើកឡើងថាក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋ លែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថាដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពី សង្កាត់ទាំង៨ នៃខណ្ឌទួលគោក សង្កាត់មួយចំនួនទៀតរបស់ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ដោយមានការ យកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ។ លោកអភិបាលបានបន្តថាពីមុននៅស្តុបកោសដូងជិតម៉ុងរីយ៉ាល់ពេលភ្លៀងម្ដងៗទឹកលិច១ថ្ងៃទៅ២ថ្ងៃ បន្ទាប់មកនៅសល់ត្រឹមតែរយៈពេល១ម៉ោងទៅ២ម៉ោង ប៉ុន្តែក្រោយទៀតបានកាត់បន្ថយការលិចលង់បន្តិចម្ដងៗ រហូតមកដល់ពេលដែលឯកឧត្ដមអភិបាលរាជធានីសាងសង់ស្ថានីយបូមទឹកបឹងសាឡាងថ្មីខាងលើរួច និងបាន ដាក់លូខ្នាតធំ១ខ្សែថ្មីទៀតចេញផ្លូវ២៣០ និងពីផ្លូវលេ៤៥ ចាប់ពីស្តុបកោសដូង ទៅប្រឡាយបឹងសាឡាងហើយ ស្ថានីយនេះបូមទម្លាក់ទៅប្រឡាយស្ទឹងមានជ័យ។ ឥឡូវស្ថានភាពទឹកលិចមានរយះពេលខ្លីបំផុតតែចន្លោះពី១០ទៅ ២០នាទី ទឹកស្រកអាចស្រក់អស់ពីផ្លូវហើយ។
ជាចុងក្រោយរដ្ឋបាលខណ្ឌទួលគោកនឹងបន្តសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះស្តារប្រព័ន្ធលូជាច្រើនខ្សែទៀតក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ លោក ជា ពិសី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ បើមានការចូលរួមពីប្រជាពលរដ្ឋ នោះការងារអ្វីក៏ទទួលបានជោគជ័យដែរ៕
អត្ថបទ៖ កុម្ភៈ









