កាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិក នៅឯអង្គការសហប្រជាជាតិ (UN) ថា បាននាំតំបន់មជ្ឈិមបូព៌ាទៅកាន់ «ជ្រោះដ៏គ្រោះថ្នាក់» ដោយការធ្វើសង្គ្រាម លើអ៊ីរ៉ង់។
ក្នុងអំឡុងពេលជជែកពិភាក្សា អំពីក្រុមហ៊ួទី នៅប្រទេយេម៉ែន លោក Sun Lei បេសកជនចិនប្រចាំ UN បាននិយាយថា៖ «សហរដ្ឋអាមេរិកមានការទទួលខុសត្រូវដែលមិនអាចប្រកែកបាន ជុំវិញស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសយេម៉ែន និងសមុទ្រក្រហម»។

លោក Sun បាននិយាយថា៖ «វាគឺជាសហរដ្ឋអាមេរិកដែលកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា ដើម្បីបញ្ចប់អរិភាព និងបណ្ដោយឱ្យ (មានការបន្ត) វិបត្តិ នៅតំបន់ហ្កាហ្សា និងការពង្រីកភាពតានតឹង»។
លោកបានបន្ថែមថា «ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ និងក្នុងពេលមានការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានបើកការវាយប្រហារយោធា លើអ៊ីរ៉ង់ ដោយរុញឱ្យស្ថានភាពនៃតំបន់នេះធ្លាក់ចូលទៅក្នុងជ្រោះអន្តរាយជាថ្មីម្តងទៀត»។
លោក Sun កំពុងឆ្លើយតបទៅនឹងការរិះគន់លើប្រទេសចិន ពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោក Mike Waltz ដែលទើបតែបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើទណ្ឌកម្មហាមឃាត់ការផ្គត់ផ្គង់អាវុធរបស់អង្គការសហប្រជាជាតិ ដែលកំពុងអនុវត្តចំពោះក្រុមហ៊ួទី៕


