មនុស្សម្នាក់ បានស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយទូកកម្សាន្តកម្ពស់ ៣ជាន់មួយគ្រឿង ដឹកមនុស្ស ១៩នាក់ ឆាបឆេះជាអគ្គិភ័យឡើង និងបានក្រឡាប់នៅជិតកោះ Alcatraz ស្ថិតក្នុងឆកសមុទ្រ San Francisco សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បង្ខំឲ្យមានប្រតិបត្តិការជួយសង្រ្គោះ និងរុករកទ្រង់ទ្រាយធំ ។
ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុង San Francisco លោក Dean Crispen និយាយថា ក្រុមអាជ្ញាធរ ទទួលបានសេចក្តីរាយការណ៍ថា ទូកមួយគ្រឿង បានឆាបឆេះជាអគ្គិភ័យឡើងនៅចម្ងាយប្រហែល ៥៥០ម៉ែត្រពីកោះ Alcatraz។
ពេលដែលអង្គភាពនគរបាលម៉ារីនបានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញទូកមួយគ្រឿងក្រឡាប់ ហើយជនរងគ្រោះម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ជនរងគ្រោះម្នាក់នេះ ត្រូវបាននាំទៅកាន់ឆ្នេរសមុទ្រ ប៉ុន្តែក្រោយមក ត្រូវបានគេប្រកាសថាស្លាប់ ។
លោក Crispen និយាយទៀតថា មនុស្ស ១៣នាក់ ត្រូវបានជួយសង្រ្គោះ និងមានសុវត្ថិភាពនៅឆ្នេរសមុទ្រ ខណៈមនុស្ស ៣នាក់ផ្សេងទៀត ត្រូវបាននាំទៅព្យាបាលនៅមន្ទីរសុខាភិបាលប៉ាស៊ីហ្វិកកាលីហ្វ័រញ៉ា ។ មនុស្ស ២នាក់ កំពុងបាត់ខ្លួន ខណៈក្រុមជួយសង្រ្គោះ បន្តប្រតិបត្តិការស្វែងរក ដោយមានការចូលរួមពីនាវាចំនួន ១១គ្រឿង ។
ខណៈពេលនោះដែរ អភិបាលក្រុង San Francisco លោក Daniel Lurie បានសម្តែងមរណទុក្ខចំពោះគ្រួសារអ្នកស្លាប់ ហើយលោកនិយាយថា ទីភ្នាក់ងារជាច្រើន រួមទាំងឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក នាយកដ្ឋាននគរបាលក្រុង San Francisco និងនគរបាលក្រុង Oakland បានចូលរួមប្រតិបត្តិការឆ្លើយតបចំពោះឧបទ្ទេវហេតុលិចទូកមួយគ្រឿងនេះ ៕

