ស្វាយរៀង៖ មន្ត្រីនៅតាមមូលដ្ឋាន និងផ្នែកពាក់ពន្ធ័ត្រូវចុះចលនាដឹកនាំពលរដ្ឋ និងកុមារ អោយពួកគេទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំជំងឺនៅក្នុងសហគមន៍ ។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីមូលដ្ឋានត្រូវបន្តចុះចលនាដឹកនាំពលរដ្ឋ និងកុមារឲ្យពួកគេទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសសាំនៅក្នុងសហគមន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ចុះក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងនៅតាមមូលដ្ឋាន ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការងារចាក់សាំងគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅធ្វើការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ពិសេសបង្កើតភាពសាំជំងឺ ដើម្បីឆ្លើយតបទៅនឹងការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលមន្ត្រីនៅមូលដ្ឋានត្រូវ បន្តចលនាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំង ខណៈដែលក្រុមគ្រូពេទ្យបានពង្រីកវិសាលភាពចាក់វ៉ាក់សាំងដល់ខ្នងផ្ទះ និងរោងចក្រសហគ្រាសទូទាំងខេត្ត ៕ អត្ថបទ៖ ភា សារិទ្ធ




