រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសហ៊្សកដានីលោក Ayman Safadi ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការគោលនយោបាយបរទេស ស្របពេលភាពតានតឹងកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Rubio និងលោក Safadi បានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការវាយប្រហារកំពុងបន្តរបស់អ៊ីរ៉ង់លើការដឹកជញ្ជូន និងលើប្រទេសជាច្រើននៅក្នុងតំបន់ ។
សេច្តីថ្លែងការណ៍បន្តថា លោក Rubio បានធ្វើការថ្កោលទោសចំពោះការវាយប្រហារទាំងអស់នោះ រួមទាំងការវាយប្រហារពុំអាចទទួលយកបានរបស់អ៊ីរ៉ង់លើទឹកដីហ៊្សកដានី ។ លោកបានថ្លែងអំណរគុណផងដែរដល់លោក Safadi សម្រាប់ការរួមចំណែកដ៏សំខាន់របស់ហ៊្សកដានី ដើម្បីជំរុញសន្តិសុខក្នុងតំបន់ ។
ជំនួបនៅឯក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោននេះដែរ បានកើតមានឡើង ស្របពេលភាពតានតឹងនៅតែឡើងកម្តៅខ្លាំងក្នុងតំបន់ ក្នុងនោះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារលើគ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បើទោះបីជាមានអនុស្សរណៈយោគយល់សម្របសម្រួលដោយប៉ាគីស្ថាន មានគោលបំណងបញ្ចប់ជម្លោះ និងដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ ។
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Fars News ថា កាលពីថ្ងៃអង្គារម្សិលមិញ មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសហ៊្សកដានី បានក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ ហើយពួកគេបានអំពាវនាវឲ្យពលរដ្ឋហ៊្សកដានី រុះរើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ ៕

