ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចគោលដៅសំខាន់ៗ ដែលខ្លួនបានកំណត់សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំ ត្រូវបានសួរថាតើគោលដៅសំខាន់ៗនៃប្រតិបត្តិការនេះ អាចសម្រេចបានតាមរយៈយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសតែមួយមុខដែរឬទេ រួមទាំងការបន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ង់ ការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហូមូស និងការធានាថា អ៊ីរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
លោក ត្រាំ បាននិយាយថា៖«ខ្ញុំគិតថា ពេលនេះ គោលដៅទាំងនោះ ត្រូវបានសម្រេចរួចរាល់ហើយ»។
លោកក៏បាននិយាយថា ប្រសិនបើកងកម្លាំងអាមេរិកបញ្ឈប់ប្រតិបត្តិការយោធា នៅពេលនេះ អ៊ីរ៉ង់នឹងត្រូវការពេល ២០ឆ្នាំ ដើម្បីស្តារឡើងវិញពីការខូចខាតដែលបានកើតឡើងដោយសារការវាយប្រហារ៕
