រលកកម្ដៅហួតហែងបំផុត បាន និងកំពុងរាលដាល កាលថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ចាប់ពីតំបន់ភ្នំភាគខាងលិច ឆ្ពោះទៅភាគខាងកើតសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដោយធ្វើឲ្យមនុស្សជាង ១០០លាននាក់ស្ថិតនៅក្រោមការព្រមានអំពីកម្ដៅ។
ស្ថានភាពអាកាសធាតុក្តៅ ហើយស្ងួត ក៏បានរួមចំណែកផងដែរដល់ចំហេះព្រៃដ៏ខ្លាំងក្លា នៅភាគនិរតីនៃរដ្ឋ Ontario និងភាគខាងជើងនៃរដ្ឋ Minnesota ដោយគុណភាពខ្យល់ ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗ នៅតំបន់ Midwest និងប៉ែកឦសានរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
បាតុភូតដែលគេស្គាល់ថា ជាការគ្របដណ្ដប់ដោយកម្ដៅក្ដៅហួតហែង បានបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន នៅតាមបណ្តារដ្ឋភាគខាងលិច ក្នុងនោះរួមទាំងសីតុណ្ហភាព ៤៤អង្សាសេ នៅទីក្រុង Billings រដ្ឋ Montana ដែលកំណត់ត្រាចាស់ គឺ ៤២ និង ៤២,៧អង្សាសេ និងនៅទីក្រុង Salt Lake City ដែលកំណត់ត្រាចាស់ ៤១,៦អង្សាសេ។
កម្ដៅ និងសំណើមខ្លាំងនៅតែបន្តកើតមាន នៅតំបន់ភ្នំភាគខាងលិច ប៉ុន្តែឥឡូវនេះ កំពុងរាលដាលដល់ឆ្នេរសមុទ្រភាគខាងកើត ដែលមានប្រជាជនរស់នៅច្រើន ជាទីដែលក៏បានប្រឈមផងដែរនឹងសីតុណ្ហភាពដ៏អាក្រក់ នៅដើមខែកក្កដា ក៏ដូចជានៅខេត្ត Ontario និងក្នុងកម្រិតស្រាលជាងបន្តិច នៅទីក្រុង Montreal របស់ប្រទេសកាណាដា។
ទីភ្នាក់ងារអាកាសធាតុជាតិសហរដ្ឋអាមេរិក បានឱ្យដឹងថា៖ «សីតុណ្ហភាពលើសពីមធ្យម និងកម្រិតកម្ដៅដ៏គ្រោះថ្នាក់ ត្រូវបានព្យាករណ៍ថា នឹងចូលដល់ភាគឦសាន នៅថ្ងៃអង្គារ មុនពេលអាកាសធាតុក្ដៅខ្លាំងបំផុត កើតឡើងនៅថ្ងៃពុធ ហើយពង្រីកដល់តំបន់ Mid-Atlantic»៕


