យោធាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានព្រមានកាលពីថ្ងៃអង្គារថា សកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិកនឹងពន្យារពេលការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយបញ្ជាក់ជាថ្មីថា គ្មានការឈ្លានពានរបស់សហរដ្ឋអាមេរិកណាមួយ អាចបង្ខំអ៊ីរ៉ង់ឱ្យបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញបានឡើយ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Kazem Gharibabadi បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់នឹង «គ្រប់គ្រងយ៉ាងពេញលេញ» ច្រកសមុទ្រ Hormuz ក្នុងពេលសង្គ្រាម។ នាវាពុំមែនជារបស់អ៊ីរ៉ង់ជាង២០០ គ្រឿងបានសម្របសម្រួលជាមួយអាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែក្សរបស់អ៊ីរ៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសហរដ្ឋអាមេរិកក្នុងខែមិថុនា។
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃអង្គារថា «នាវាដឹកប្រេងធុនធំពីរគ្រឿងដែលមិនស្តាប់បង្គាប់» ត្រូវបានវាយប្រហារ និងធ្វើឱ្យជាប់គាំងនៅច្រកសមុទ្រ Hormuz។
កងឆ្មាំ IRGC បាននិយាយថា នាវាដឹកប្រេងទាំងនោះមិនអើពើនឹងការព្រមាន បិទប្រព័ន្ធធ្វើនាវាចរណ៍ និងបានព្យាយាមឆ្លងកាត់ «ផ្លូវទឹកមានគ្រាប់មីន» ហើយកិច្ចសហប្រតិបត្តិការជាមួយសត្រូវនៅច្រកសមុទ្រ Hormuz នឹងពន្យារពេលការបើកផ្លូវទឹកឡើងវិញ និងបង្កើតវិបត្តិថាមពលសកល។

