ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកកិច្ចប្រជុំមួយ នៅក្នុងបន្ទប់ស្ថានការណ៍ (Situation Room) កាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ដើម្បីពិភាក្សាអំពីផែនការ សម្រាប់ការវាយលុកយោធាទ្រងទ្រាយធំ លើប្រទេសអ៊ីរ៉ង់ ដែលនឹងកាន់តែទូលំទូលាយជាងយុទ្ធនាការនាពេលនេះ នៅជុំវិញច្រកសមុទ្រ Hormuz។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Axios ដោយដកស្រង់ប្រភពចំនួន ៣ ដែលដឹងពីការពិភាក្សាទាំងនេះ។

យោងតាមរបាយការណ៍នោះ បានឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតលើការវាយប្រហារដែលអាចកើតមានលើគោលដៅយុទ្ធសាស្ត្រ នៅខាងក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលរដ្ឋបាលរបស់លោក Trump កំពុងពិចារណាបង្កើនសម្ពាធយោធា ដើម្បីបង្ខំទីក្រុងតេអេរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ និងទទួលយកការទាមទាររបស់សហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចប្រជុំនេះបានកើតឡើងនៅពេលដែលយោធាអាមេរិក បានធ្វើការវាយប្រហារជាលើកទី ៤ ជាប់គ្នា នៅក្នុងតំបន់ជុំវិញច្រកសមុទ្រ Hormuz និងតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់។
មន្ត្រីអាមេរិកទាំងនេះ បានប្រាប់សារព័ត៌មាន Axios ថា ការវាយប្រហារទាំងនោះ ភាគច្រើនផ្តោតលើប្រព័ន្ធការពារដែនអាកាស និងរ៉ាដា ទីតាំងមីស៊ីលប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះយានដ្រូន ដោយមានគោលបំណងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារនាវា នៅក្នុងច្រកសមុទ្រនេះ៕


