នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលីនឹងអនុម័តច្បាប់ ដើម្បីគ្រប់គ្រងរបៀបដែលមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI data centers) ប្រើប្រាស់ថាមពលអគ្គិសនី និងទឹក ព្រមទាំងការពារកម្មសិទ្ធិបញ្ញាលើស្នាដៃច្នៃប្រឌិត។

នៅក្នុងសុន្ទរកថាដ៏សំខាន់មួយ ដែលលោកបានបង្ហាញអំពីគោលនយោបាយរបស់រដ្ឋាភិបាល លោក Albanese បានប្រឹងប្រែងដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរបស់សាធារណជនចំពោះបញ្ញាសិប្បនិម្មិត (AI) ដោយនិយាយថា AI អាចត្រូវបានអនុវត្តប្រើប្រាស់ក្នុងរបៀបមួយដែលជួយលើកកម្ពស់ផលប្រយោជន៍ជាតិ។
មេដឹកនាំឆ្វេងកណ្តាលនិយមរូបនេះ បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំរដ្ឋ និងដែនដីនានារបស់អូស្ត្រាលីនៅខែក្រោយ ដើម្បីពិភាក្សាអំពីច្បាប់ដែលបានស្នើឡើងនេះ ដែលនឹងត្រូវដាក់បញ្ចូលនៅឆ្នាំក្រោយ ដើម្បីកសាងទំនុកចិត្តលើបញ្ញាសិប្បនិម្មិត (AI) និងការពារសន្តិសុខជាតិ។
លោកបាននិយាយថា អូស្ត្រាលីបាននាំមុខប្រទេសដទៃទៀតក្នុងការដាក់កម្រិតលើការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារ ប៉ុន្តែបញ្ហាប្រឈមក្នុងការរៀបចំ និងដឹកនាំការអភិវឌ្ឍ AI ឲ្យបម្រើផលប្រយោជន៍របស់អូស្ត្រាលី គឺមានទំហំធំជាង ហើយទាមទារឲ្យមានចំណាត់ការភ្លាមៗ នាពេលនេះ៕
