ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានព្រមាននៅថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) នេះថា រុស្ស៊ីអាចនឹងកំពុងរៀបចំការវាយប្រហារ ដោយដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសលីទុយអានី និងរដ្ឋបាល់ទិកផ្សេងទៀត ដើម្បីសាកល្បងឯកភាពរបស់អង្គការណាតូ (NATO) ដោយការលើកឡើងនេះគឺសំអាងដល់ការវាយតម្លៃផ្នែកចារកម្ម។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន BNS លោក Nauseda បាននិយាយថា ទីភ្នាក់ងារចារកម្មលីទុយអានី បានទទួលការចង្អុលបង្ហាញថា រុស្ស៊ីកំពុងរៀបចំផែនការប្រតិបត្តិការទ្រង់ទ្រាយតូច ដែលកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បើទោះបីជាមិនទាន់មានទីតាំងជាក់លាក់ ឬពេលវេលា ដែលត្រូវបានកំណត់វាយប្រហារនៅឡើយក្ដី។

លោកបាននិយាយថា «មានសញ្ញាបែបនេះដែលយើងទទួលបានពីទីភ្នាក់ងាររបស់យើង» ដោយបន្ថែមថា ចារកម្មបានចង្អុលបង្ហាញពីការធ្វើផែនការ ជាជាងប្រតិបត្តិការចុងក្រោយ។ លោក Nauseda បានឱ្យដឹងទៀតថា៖ «ខ្ញុំមិនអាចបដិសេធបានទេ ដែលថា យើងមានព័ត៌មានបែបនេះ ហើយយើងកំពុងនិយាយអំពីប្រតិបត្តិការមិនមែនទ្រង់ទ្រាយធំទេ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រតិបត្តិការមានគោលដៅនេះ ទំនងជាអាចតម្រង់ឆ្ពោះទៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។
លោកបានបញ្ជាក់ថា ការវាយប្រហារអាចមានទម្រង់ផ្សេងៗគ្នា ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងការបំផ្លិចបំផ្លាញ ឬការវាយប្រហារដោយយានដ្រូន។ ហើយលោក Nauseda បានឱ្យដឹងបន្ថែមថា លីទុយអានីបានពង្រឹងសន្តិសុខ ជុំវិញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលសំខាន់ៗរួចហើយ៕
