នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ ពួកគេនៅតែក្រាញននៀលដដែល ស្របពេលដែលសហរដ្ឋអាមេរិកធ្វើការបិទច្រកឡើងវិញរបស់កងទ័ពជើងទឹក ខណៈភាពតានតឹងឡើងកម្តៅកាន់តែខ្លាំង ហើយនិងការបិទច្រកសមុទ្រ Hormuz ។
អ្នកនាង Mohadesseh Forotania គឺជានិស្សិតថ្នាក់អនុបណ្ឌិតមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ពួកយើងគឺជាជនជាតិអ៊ីរ៉ង់ ច្បាស់ណាស់ថា ជាអ្នកស្វែងរកសន្តិភាព សេចក្តីសប្បុរស និងសុច្ឆន្ទៈ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងស្វែងរកការបំផ្លិចបំផ្លាញពួកយើង ហើយពួកគេធ្វើអ្វីក៏ដោយឲ្យតែអាចសម្រេចគោលដៅរបស់ពួកគេ ។
អ្នកនាងបន្តថា ការបិទច្រករបស់កងទ័ពជើងទឹក គឺជារឿងមួយដែលពួកគេអាចធ្វើបាន ហើយពួកគេប្រើប្រាស់វាជាអាវុធ ដើម្បីដាក់សម្ពាធលើពួកយើង ដើម្បីចរចា និងដើម្បីបំផ្លិចបំផ្លាញពួកយើង ប៉ុន្តែពួកយើងមិនរាថយនោះឡើយ ពួកយើងនៅតែក្រាញននៀលជានិច្ច ។
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់និយាយនៅថ្ងៃពុធនេះថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទ រហូតដល់អ្វីដែលពួកគេចាត់ទុកថា ជា “ការបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក” ។
ពួកគេនិយាយផងដែរថា កាលពីថ្ងៃអង្គារម្សិលមិញ មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសហ៊្សកដានី បានក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ ហើយពួកគេបានអំពាវនាវឲ្យពលរដ្ឋហ៊្សកដានី រុះរើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ ៕

