ប្រទេសចិន នៅថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ខ្លួន «ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះសេចក្តីព្រាងច្បាប់ទណ្ឌកម្មដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិក និងគាំទ្រដោយប្រធានាធិបតី លោក Donald Trump ជាចំណាត់ការដែលកំណត់គោលដៅលើប្រទេសទិញថាមពលរបស់រុស្ស៊ី។
សេចក្តីព្រាងច្បាប់ដែលគាំទ្រដោយគណបក្សទាំង២ នេះ អាចនឹងបើកផ្លូវឱ្យសហរដ្ឋអាមេរិកបង្កើនសម្ពាធកាន់តែខ្លាំងឡើងថែមទៀត លើរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាម នៅប្រទេសអ៊ុយក្រែន។ ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលដឹកនាំជម្រុញសេចក្តីព្រាងច្បាប់នេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីសប្តាហ៍មុនថា ពួកគេរំពឹងថា នឹងប្រកាសសេចក្តីព្រាងច្បាប់ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះ «ក្នុងពេលឆាប់ៗនេះ»។
ចិន ដែលស្ថិតក្នុងចំណោមប្រទេសទិញប្រេងរុស្ស៊ីធំជាងគេ បានរិះគន់ធ្ងន់ៗ នៅថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ «ស្តង់ដារពីរ និងការសម្លុតកំហែង»។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានថា «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ទណ្ឌកម្មជាឯកតោភាគីដោយខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

លោកបានបន្ថែមថា៖ «ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងពលរដ្ឋរបស់ខ្លួន»។
ច្បាប់នេះនឹងផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការដំឡើងពន្ធ និងដាក់ទណ្ឌកម្មលើប្រទេសដែលបន្តទិញថាមពលរបស់រុស្ស៊ី ដោយចាត់ទុកថា នេះការជាផ្ដល់ប្រភពចំណូលដ៏សំខាន់ សម្រាប់កិច្ចប្រឹងប្រែង ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ៕
