ការវាយប្រហាររបស់អ៊ីស្រាអែលនៅជំរំ Jabalia ស្ថិតនៅតំបន់ភាគខាងជើងតំបន់ហ្កាហ្សា បានសម្លាប់ស្នងការនគរបាលម្នាក់ និងក្រុមមន្រ្តីជាច្រើនរូបទៀតកាលពីថ្ងៃអង្គារ បន្ថែមពីលើចំនួនស្លាប់កើនឡើងរបស់ជនស៊ីវិល ។
បើទោះបីជាមានបទឈប់បាញ់រយៈពេលច្រើនខែយ៉ាងណាក្តី អ៊ីស្រាអែលនៅតែបន្តវាយឆ្មក់ស្លាប់មនុស្សនៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ ដោយពួកគេលើកឡើងពីហេតុផលថា មានវត្តមានរបស់យុទ្ធជនហាម៉ាស និងការគំរាមកំហែងជិតកើតឡើង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគយុទ្ធសាស្រ្ត និងនយោបាយ ព្រមានថា ការបំពានរាល់ថ្ងៃទាំងនេះ មិនមែនជាប្រតិបត្តិការសន្តិសុខដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាលំអាន ដើម្បីសម្លាប់ក្រុមមន្រ្តីអនុវត្តច្បាប់ គ្រូពេទ្យ មន្រ្តីរដ្ឋាភិបាល ក៏ដូចជាបញ្ញវន្តនៅតំបន់ហ្កាហ្សា ។
ពួកគេបានព្រមានថា ការសម្លាប់ទាំងអស់នេះ អាចជាការបំផ្លាញជាប្រព័ន្ធផែនការគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់តំបន់ហ្កាហ្សានៅក្រោយសង្រ្គាម ធ្វើឲ្យរង្គោះរង្គើរដល់ក្រុមប្រឹក្សាសន្តិភាពដែលបានបង្កើតឡើងក្រោមផែនការរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ហើយវានឹងអនុញ្ញាតឲ្យអ៊ីស្រាអែល បន្តរក្សាការគ្រប់គ្រងដែនដីប៉ាឡេស្ទីនមួយនេះទាំងស្រុង ៕