ព្យុះបោកបក់ខ្លាំងបានវាយប្រហារពាសពេញតំបន់មួយចំនួននៃភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ដោយបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ទឹកជន់លិចផ្លូវថ្នល់ និងជាន់ក្រោមដីរបស់អគារ ព្រមទាំងបានធ្វើឱ្យការហោះហើរ នៅអាកាសយានដ្ឋាន Nuremberg Airport ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ។
ទីក្រុង Nuremberg, Furth និង Erlangen រងផលប៉ះពាល់ខ្លាំងបំផុត។ មជ្ឈមណ្ឌលទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋាន Nuremberg បានទទួលការហៅទូរស័ព្ទជាង ៣.០០០ដង ក្នុងរង្វង់រយៈពេល ៦ម៉ោង ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវថ្នល់ និងទ្រព្យសម្បត្តិនានា។
អាកាសយានដ្ឋាន Nuremberg បានផ្អាកប្រតិបត្តិការមួយរយៈ កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលព្យុះបានបោកបក់ឆ្លងកាត់ពីលើ។ ជើងហោះហើរមកដល់ជាច្រើន ត្រូវបានប្ដូរផ្លូវ ហើយការចេញដំណើរត្រូវបានពន្យារពេល។ អ្នកនាំពាក្យម្នាក់ បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន បានរងការខូចខាតដោយសារដើមឈើដួលរលំ ដំបូលខូចខាត និងទឹកជំនន់នៅបរិវេណអាកាសយានដ្ឋាន។
នៅព្រឹកថ្ងៃពុធនេះ ព្យុះដ៏ខ្លាំងក្លាមួយទៀត បាននាំឱ្យមានព្រឹលធ្លាក់ នៅទីក្រុង Reutlingen ភាគខាងត្បូង ដោយជន់លិចផ្លូវថ្នល់ និងបង្កឱ្យមានការឆ្លើយតបជាច្រើនម៉ោងដោយអ្នកពន្លត់អគ្គិភ័យ និងនគរបាល។ នគរបាលបានឱ្យដឹងថា នៅទីក្រុង Garmisch-Partenkirchen ទាហាន ៦រូប បានរងរបួសដោយសាររន្ទះបាញ់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ស្ថាប័នឧតុនិយមជាតិរបស់ប្រទេសអាល្លឺម៉ង់ បានព្រមានអំពីហានិភ័យថ្មីនៃការធ្លាក់ភ្លៀងនៅតាមតំបន់ និងការមានផ្គររន្ទះ នៅពាសពេញភាគខាងត្បូងនៃប្រទេស នៅថ្ងៃព្រហស្បតិ៍ ព្រមទាំងអាចមានស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ នៅថ្ងៃសុក្រផងដែរ៕