ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃពុធនេះថា អ៊ុយក្រែន និងសហភាពអឺរ៉ុប បានបញ្ចប់កិច្ចព្រមព្រៀងយានដ្រូន ដើម្បីរួមបញ្ចូលជំនាញរបស់ទីក្រុងគីវ ជាមួយ សមត្ថភាពឧស្សាហកម្មអឺរ៉ុប ក្នុងការបង្កើតគម្រោងរួមគ្នា និងបង្កើនផលិតកម្ម ។
នៅក្នុងពិធីប្រារព្ធ “ទិវាបង្កើតរដ្ឋ”នៅទីក្រុងគីវ លោកស្រី Von der Leyen និយាយនៅក្នុងសុន្ទរកថា ពួកយើងត្រូវការរួមបញ្ចូលកម្លាំងរបស់ពួកយើង ។ កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវជំនាញដ៏ប៉ិនប្រសព្វរបស់អ៊ុយក្រែន និងទំហំសមត្ថភាពឧស្សាហកម្មរបស់អឺរ៉ុប ។
គួរឲ្យដឹងថា មុននេះ លោកស្រី Von der Leyen ធ្វើដំណើរទៅដល់ទីក្រុងគីវ ដើម្បីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងសហភាពអឺរ៉ុប (EU) និងអ៊ុយក្រែន ដោយផ្តោតជាពិសេសលើការផលិតយានដ្រូន ។
ដំណើរទស្សនកិច្ចនេះដែរ គឺជាដំណើរទស្សនកិច្ចលើកទី២ ហើយនៅឆ្នាំ ២០២៦ និងជាដំណើរទស្សនកិច្ចលើកទី១១ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយរុស្ស៊ី ដែលលោកស្រី បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែន ៕