បាល់ទាត់៖ ក្រុមបាល់ទាត់ Bayer Leverkusen ជិតធានាបានកៅអី UEFA Champions League រដូវកាលក្រោយហើយក្រោយជ័យជំនះ ២-០ លើក្រុមភ្ញៀវ Eintracht Frankfurt យប់មិញនេះ។

Moussa Diaby បានក្លាយជាតួអង្គសំខាន់ក្នុងជ័យជំនះរបស់ Leverkusen នេះបើទោះបីរកមិនបានគ្រាប់បាល់ក៏ដោយ តែជាអ្នកបញ្ជូនទាំងពីរគ្រាប់ឱ្យ Paulinho រកបានគ្រាប់ដំបូងនៅនាទីទី១៨ និងបញ្ជូនមួយគ្រាប់ទៀតឱ្យ Patrik Schick នៅនាទីទី៥១។ ជ័យជំនះនេះធ្វើឱ្យ Leverkusen ឡើងមកលេខ៣ ក្នុងតារាងមាន ៥៨ពិន្ទុដាច់ក្រុមលេខ៤ Freiburg ៣ពិន្ទុ និងដាច់ក្រុមលេខ៥ Leipzig ៤ពិន្ទុ។ Leipzig ដែលកំពុងប្រជែងតំណែង Top4 ដែរនោះបានរងបរាជ័យនៅទឹកដី Borussia Moenchengladbach ៣-១ យប់មិញផងដែរ។

Breel Embolo បើកការនាំមុខឱ្យម្ចាស់ផ្ទះមុនតែ Christophe Nkunku ក៏តាមស្មើវិញឱ្យ Leipzig ភ្លាមៗដែរមុនពេលដែល Moncheng នាំមុខម្តងទៀតនៅនាទីទី៤៥+១ ដោយ Jonas Hoffmann។ ម្ចាស់ផ្ទះបានបាត់បង់កីឡាករម្នាក់នៅនាទីទី៦៤ នៅពេល Nico Elvedi ទទួលបានកាតក្រហម តែគ្នាតិចជាងក៏ដោយក៏អាចរកគ្រាប់បាល់បានដោយ Jonas Hoffmann ១គ្រាប់ទៀតឱ្យ Monchengladbach យកឈ្នះ ៣-១។ លេងបាន ៣២ប្រកួតដូចគ្នានៅពេលនេះ Leipzig នៅឱកាសប្រជែង Top4 ជាមួយក្រុមលេខ៤ Freiburg ដែលកំពុងនាំមុខ ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ