ប្រទេសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) នេះថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានបាត់បង់ជិវិត និង ២៣នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅភាគអាគ្នេយ៍តំបន់ Odesa និងភាគឦសានតំបន់ Sumy។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធីផ្ញើសារ Telegram អភិបាលតំបន់ Sumy លោក Oleh Hryhorov បានឱ្យដឹងថា ការបាញ់ផ្លោងពេញមួយយប់ នៅមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់នេះ បានសម្លាប់មនុស្ស ៣នាក់ ហើយ ១៧នាក់ផ្សេងទៀតរងរបួស។
ដោយឡែក អភិបាលតំបន់ Odesa លោក Oleh Kiper បានប្រកាសថា តំបន់នេះត្រូវបានកំណត់គោលដៅដោយការវាយប្រហាររួមគ្នា ដោយមីស៊ីល និងយានដ្រូន ដែលជាថ្ងៃទី៥ ជាប់គ្នា។ ក្រោយមក លោកបានរាយការណ៍ថា ចំនួនអ្នករងរបួស បានកើនឡើងដល់ ៦នាក់ ដែលក្នុងនោះ ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែល ២នាក់ទៀត កំពុងទទួលការថែទាំក្រៅមន្ទីរពេទ្យ។
កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស បានបាញ់ទម្លាក់យានដ្រូនចំនួន ១០១គ្រឿង ក្នុងចំណោម ១២២គ្រឿងដែលបាញ់ដោយរុស្ស៊ីពេញមួយយប់។ កងទ័ពក៏បានអះអាងផងដែរថា មីស៊ីល Kh-59/69 ចំនួន ២គ្រាប់ ត្រូវបានបាញ់ដោយរុស្ស៊ីចេញពីតំបន់ Crimea៕