មន្ទីរពេទ្យចល័តរបស់អែលសាល់វ៉ាឌ័រ នៅទីក្រុង Catia La Mar បាននឹងកំពុងផ្តល់សេវាកម្មថែទាំសុខភាពសង្រ្គោះបន្ទាន់ដល់អ្នករស់រាននៅរដ្ឋ La Guaira របស់ប្រទេសវេណេស៊ុយអេឡា ក្រោយរងការវាយប្រហារដោយសារការរញ្ជួយដី ២លើក កាលពីថ្ងៃទី ២៤ ខែមិថុនា ក្នុងនោះមណ្ឌលសុខភាពចល័តរបស់ពួកគេ ត្រូវបានដាក់ពង្រាយ ជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ដែលត្រូវបានបញ្ជាដោយប្រធានាធិបតីអែលសាល់វ៉ាឌ័រលោក Nayib Bukele ។
ការដាក់ពង្រាយគ្រូពេទ្យជំនាញទាំងនេះ នឹងបន្ធូរបន្ថយសម្ពាធលើបណ្តាញមន្ទីរពេទ្យមានអ្នកជំងឺច្រើនលើសចំណុះរបស់វេណេស៊ុយអេឡា ខណៈពួកគេលើកឡើងពីតម្រូវការកើនឡើងសម្រាប់ការព្យាបាល និងតម្រូវការផ្លូវចិត្ត នៅក្នុងចំណោមអ្នករស់រានពីការរញ្ជួយដី ។
លោកវេជ្ជបណ្ឌិត Roberto Gavidia ដែលជាប្រធានផ្នែកវេជ្ជសាស្រ្ត និងជាអ្នកសម្របសម្រួលបេសកកម្មមួយនេះ បានចាត់ទុកស្ថានភាពសុខភាពដ៏ស្មុគស្មាញនេះថា ស្ថិតក្នុងកម្រិតសូន្យ ជាទីដែលកត្តាបរិស្ថាន និងរបួសផ្លូវចិត្ត កំពុងផ្លាស់ប្តូរអាទិភាពព្យាបាល ។
ចំណែកឯលោក Miguel Noriega គឺជាជាងអគ្គិសនីក្នុងស្រុកមួយរូបដែលនាំកូនប្រុសរបស់លោកមកព្យាបាលនៅមណ្ឌលសុខភាព បាននិយាយរៀបរាប់ពីទំហំនៃសោកនាដកម្ម និងបានសម្តែងការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ក្រុមគ្រូពេទ្យ ។
លោកនិយាយថា លោកចង់ថ្លែងអំណរគុណដល់គ្រូពេទ្យទាំងអស់នេះ វិរជនទាំងអស់នេះ លោកមិនដឹងថាតើគួររៀបរាប់បែបណានោះទេ ពីព្រោះថា ពួកគេមកពីខាងក្រៅ ដើម្បីមកជួយព្យាបាលពួកយើង ។
សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយរញ្ជួយដី ២លើក ក្នុងប្រទេសនេះ បានកើនឡើងដល់ ៤.៧៣៤នាក់ និងមនុស្ស ១៦.៧៤០នាក់ផ្សេងទៀត បានរងរបួស ៕