អ៊ីរ៉ង់ បានគំរាមបិទផ្លូវពាណិជ្ជកម្មបន្ថែមទៀត នៅក្នុងតំបន់ ស្របពេលដែលសហរដ្ឋអាមេរិក បើកការវាយប្រហារថ្មីលើគោលដៅយោធារបស់ទីក្រុងតេអេរ៉ង់ ។
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់និយាយនៅថ្ងៃពុធនេះថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទ រហូតដល់អ្វីដែលពួកគេចាត់ទុកថា ជា “ការបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក” ។ ពួកគេបានគំរាមបិទបណ្តាញនាំចេញប្រេង និងឧស្ម័នក្នុងតំបន់ផ្សេងទៀតផងដែរ ។
ពួកគេនិយាយថា កាលពីថ្ងៃអង្គារម្សិលមិញ មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសហ៊្សកដានី បានក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ ហើយពួកគេបានអំពាវនាវឲ្យពលរដ្ឋហ៊្សកដានី រុះរើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ ។
ការព្រមានបែបនេះ បានកើតមានឡើង ស្របពេលទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានបើកការវាយប្រហារយានដ្រូន ការវាយប្រហារតាមច្រកអាកាស និងការវាយប្រហាររបស់កងទ័ពជើងទឹក លើអ៊ីរ៉ង់នាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៧ម៉ោង កាលពីយប់កន្លងទៅ ។
អរិភាពថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃច្រកសមុទ្រចំពោះសេដ្ឋកិច្ចពិភពលោក ។
ការវាយប្រហារថ្មីនេះដែរ បានធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ស្របពេលដែលការធ្វើនាវាចរណ៍ឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏សំខាន់ បានជាប់គាំង ។
កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សន្យថា នៅសប្តាហ៍ក្រោយ អាមេរិកនឹងវាយប្រហារស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ បើសិនជាប្រទេសមួយនេះ ពុំវិលត្រឡប់មករកតុចរចាទេនោះ ៕