វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ បានច្រានចោលការព្រមានរបស់លីទុយអានី ដែលថា ប្រទេសរុស្ស៊ីអាចនឹងកំពុងរៀបចំការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងបណ្ដារដ្ឋបាល់ទិក ដោយចាត់ទុកការអះអាងទាំងនោះថា ជាកញ្ចប់ «រឿងនិទានបន្លាច» ថ្មី។
ជាការឆ្លើយតបទៅនឹងការកត់សម្គាល់ថ្មីៗរបស់ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា៖ «នេះគឺជាកញ្ចប់រឿងនិទានធ្វើឱ្យភ័យខ្លាចថ្មី ដើម្បីបន្តបញ្ចុះបញ្ចូល និងរៀបចំប្រជាជន សម្រាប់ការធ្វើយោធូបបនីយកម្មបន្ថែមទៀត»។
លោក Peskov បានបន្ថែមថា៖ «ដើម្បីធ្វើកិច្ចការនេះបាន ពួកគេចាំបាច់ត្រូវតែបង្កើតរូបភាពនៃសត្រូវមួយ នៅក្នុងប្រទេសដទៃ ដែលក្នុងករណីនេះ គឺប្រទេសរបស់យើង ហើយស្ថិតក្រោមលេសនេះ ដូចដែលគេតែងតែនិយាយអ៊ីចឹង គឺដើម្បីបន្តនាំយកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូ (NATO) ក្នុងគ្រប់ទម្រង់ ចូលទៅក្នុងបណ្តាប្រទេសបាល់ទិក»។
ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតឡើងបន្ទាប់ពីលោក Nauseda បាននិយាយនៅព្រឹកថ្ងៃពុធនេះថា ចារកម្មលីទុយអានី បានទទួលការចង្អុលបង្ហាញថា រុស្ស៊ីកំពុងរៀបចំគម្រោងប្រតិបត្តិការទ្រង់ទ្រាយតូចផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសលីទុយអានី និងរដ្ឋបាល់ទិកផ្សេងទៀត ទោះបីជាទីតាំង ឬពេលវេលាជាក់លាក់ណាមួយ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណក៏ដោយ៕