ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនៅតែជឿជាក់ថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ និងការចង្អុលបង្ហាញមួយចំនួន ដែលថា រុស្ស៊ីទំនងជានឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងក៏ដោយ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News នៅពេលត្រូវបានសួរអំពីការសន្ទនារបស់លោកជាមួយលោក Putin លោក Trump បាននិយាយថា៖ «ខ្ញុំគិតថា លោកត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើកិច្ចព្រមព្រៀង»។
បទសម្ភាសន៍នេះត្រូវបានថតកាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ហើយចាក់ផ្សាយនៅថ្ងៃពុធ។
ប្រភពចំនួន ៣ ដែលស្និទ្ធនឹងវិមានក្រឹមឡាំង បានប្រាប់សារព័ត៌មាន Reuters ថា លោក Putin កំពុងបដិសេធការអំពាវនាវឱ្យមានការចរចាសន្តិភាពជាមួយទីក្រុងគីវ ហើយទំនងជានឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥ ហើយ។
លោក Trump បានសន្យាថា នឹងប្រឹងប្រែងឱ្យមានកិច្ចព្រមព្រៀង ចំពោះសង្គ្រាមនេះ នៅថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតីរបស់លោក កាលពីខែមករា ឆ្នាំ២០២៥ តែមកទល់ពេលនេះ នៅតែរកច្រកចេញមិនឃើញឡើយ សម្រាប់ការប្រយុទ្ធគ្នានេះ៕