ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងបេសកម្ម ប្រែក្លាយតំបន់ជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងមានគោលបំណងធ្វើឱ្យ «ប្រជាជននៅ តំបន់ជនបទមានជីវភាពរស់នៅសមរម្យ ប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និង មានសេចក្តីថ្លៃថ្នូរ»។
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន១២ខ្សែ ផ្លូវក្រាលកៅស៊ូ DBST ប្រវែង សរុបជាង ១៥៧ គីឡូម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ, កំពង់ត្រឡាច, រលាប្អៀរ និងស្រុកបរិបូណ៌ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ព្រមទាំងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបន្តថា ជុំវិញការអភិវឌ្ឍជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានចាត់ទុក ការស្ថាបនា ការស្តារ ថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺជាការវិនិយោគដ៏ចាំបាច់ ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូនដូចជា ការដឹក កសិផលទៅកាន់ទីផ្សារទៅឧស្សាហកម្ម រោងចក្រ និងសហគ្រាស និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការងារថែទាំជាប្រចាំផ្លូវខាងលើ ដែលអនុវត្ត ដោយនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយរក្សានូវគុណភាពផ្លូវបានល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និង ក៏ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការ រស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីកែប្រែលក្ខខណ្ឌ រស់នៅរបស់សហគមន៍ជនបទឱ្យមានជីវភាពកាន់តែប្រសើរ៕


















