
មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា នៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន ស្របពេលដែលការដង្ហែរក្បួនរបស់បាតុករតាមការគ្រោងទុកនៅក្នុងរដ្ឋធានី Muzaffarabad បានជាប់គាំងបណ្តោះអាសន្ន ហើយនិងភាពតានតឹងកើនឡើង ។
ក្រុមមន្រ្តីនិយាយថា កងកម្លាំងសន្តិសុខ បានវាយឆ្មក់ផ្ទះមួយខ្នងនៅតំបន់ជាយក្រុង Rawalakot ស្ថិតក្នុងស្រុក Poonch ក្រោយទទួលបានការណ៍សម្ងាត់ពីឃ្លាំងអាវុធមួយកន្លែង ប៉ុន្តែពួកគេបានរងការវាយប្រហារ ។ មន្រ្តីសន្តិសុខម្នាក់ ត្រូវបានសម្លាប់ ។
នៅក្នុងការប៉ះទង្គិចគ្នាដាច់ដោយឡែកមួយទៀតនៅស្រុក Sudhnoti ក្រុមបាតុករបានបិទផ្លូវក្បួនរថយន្តកងកម្លាំងសន្តិសុខ ដែលក្រុមមន្រ្តីនិយាយថា ពួកគេរងការវាយប្រហារដោយការគប់ដុំថ្ម និងការបាញ់ប្រហារ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា បាតុករ ៧នាក់ និងមន្រ្តីនគរបាលម្នាក់ ត្រូវបានសម្លាប់ ។ ក្រុមនគរបាលនិយាយថា កងកម្លាំងសន្តិសុខ បើកការបាញ់ប្រហារ គឺដើម្បីការពារខ្លួនប៉ុណ្ណោះ ។
សូមបញ្ជាក់ថា បាតុកម្មស្លាប់មនុស្ស បានអង្រួនតំបន់មួយនេះ ចាប់តាំងពីក្រុម JAAC បានដឹកនាំចលនាបាតុកម្មធំ កាលពីថ្ងៃទី ៥ ខែមិថុនាកន្លងទៅ ៕