
ក្រុមអន្តរជាតិដែលមានក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមនាវិកប្រហែល ៨០នាក់ នឹងធ្វើដំណើរនៅលើនាវាស្រាវជ្រាវប៉ូល RSS David Attenborough ទៅកាន់កោះ Greenland ដើម្បីស៊ើបអង្កេតថាតើ ផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័សនៅលើកោះមួយនេះ អាចនឹងរំខានដល់ប្រព័ន្ធចរន្តទឹកមហាសមុទ្រអាត្លង់ទិកដែរឬទេ ហើយថាតើវាមានការជាប់ពាក់ព័ន្ធនឹងអាកាសធាតុក្តៅនៅអឺរ៉ុបដែរឬយ៉ាងណា ។
បេសកកម្មស្រាវជ្រាវរយៈពេល ៥-៦សប្តាហ៍នេះ នឹងចាកចេញពីអង់គ្លេស ក្រោយប្រទេសមួយនេះ និងអឺរ៉ុបខាងលិច ទើបជួបប្រទះខែមិថុនាក្តៅបំផុត ជាប់កំណត់ត្រា ធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ថាមពល បិទសាលារៀន និងបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់ ។
គួរឲ្យដឹងថា ទិន្នន័យផ្លូវការបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុប រាយការណ៍ករណីស្លាប់មនុស្សជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅបំបែកកំណត់ត្រា ដែលបានហ៊ុមព័ទ្ធតំបន់ភាគខាងលិចទ្វីបមួយនេះ កាលពីចុងខែមិថុនា ឆ្នាំ ២០២៦ ។
ភាគច្រើននៃមនុស្សស្លាប់ជាង ៩ពាន់នាក់ ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុចន្លោះ ៦៥ឆ្នាំ និងអាយុច្រើនលើសនេះ ។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយ EuroMOMO គឺជាបណ្តាញមួយដែលគាំទ្រដោយមន្ទីរគ្រប់គ្រង និងបង្ការជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក(WHO) ។
បេសកកម្មស្រាវជ្រាវខាងលើនេះ គឺជាផ្នែកមួយនៃគម្រោងតម្លៃ ២០លានផោន GIANT ដែលស្វែងរកការយល់ដឹងពីវិធីដែលផ្ទាំងទឹកកករលាយ និងបាក់ធ្លាក់ចូលទៅក្នុងមហាសមុទ្រ និងផលប៉ះពាល់របស់វា ។
ក្រុមអ្នកវិទ្យាសាស្រ្តមានការព្រួយបារម្ភថា ទឹកសាបរលាយអាចបង្អាក់ប្រព័ន្ធចរន្តទឹកសមុទ្រប្តូរវេនដែលជួយគ្រប់គ្រងអាកាសធាតុនៅអឺរ៉ុប ហើយនិងអាចនាំឲ្យអាកាសធាតុក្តៅខ្លាំងជាងមុន និងកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ៕