មន្ត្រីប្រទេសលីបង់ និងអ៊ីស្រាអែល បានបញ្ចប់កិច្ចចរចាជុំមួយផ្សេងទៀតដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយផ្តោតលើផែនការដើម្បីបង្កើត «តំបន់សាកល្បង» នៅប្រទេសលីបង់ភាគខាងត្បូង ដែលកងកម្លាំងអ៊ីស្រាអែលនឹងចាប់ផ្តើមដកខ្លួនថយ។

ការចរចាផ្នែកការទូតរយៈពេលពីរថ្ងៃនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីបានបញ្ចប់កាលពីថ្ងៃពុធ ដោយមន្ត្រីអាមេរិកម្នាក់បានចាត់ទុកកិច្ចប្រជុំនេះថាមានផលិតភាព និងវិជ្ជមាន។
មន្ត្រីអាមេរិកបាននិយាយនៅក្នុងការអធិប្បាយដែលបានផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានថា «យើងបានឯកភាពលើរចនាសម្ព័ន្ធ និងគោលការណ៍ណែនាំសម្រាប់ដំណើរការតំបន់សាកល្បង ដែលត្រូវបញ្ចប់ចុងក្រោយ និងអនុវត្តនៅថ្ងៃខាងមុខ»។

ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌថ្ងៃទី២៦ ខែមិថុនា ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក កងកម្លាំងអ៊ីស្រាអែលត្រូវដកថយពីតំបន់ធំៗនៅប្រទេសលីបង់ភាគខាងត្បូង ដែលពួកគេកំពុងកាន់កាប់ ជាថ្នូរទៅនឹងការដកហូតអាវុធរបស់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេសន្មត់ចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួនពីរកន្លែង ដោយយោធាអ៊ីស្រាអែលត្រូវប្រគល់ការគ្រប់គ្រងទៅឱ្យកងទ័ពរបស់ប្រទេសលីបង់ដែលនឹងបោសសម្អាតតំបន់ណាមួយមានវត្តមានក្រុមហេសបូឡា។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ពុំបានបញ្ជាក់ថាតំបន់សាកល្បងនឹងនៅទីណានោះទេ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានដកស្រង់ប្រភពរដ្ឋាភិបាលដោយនិយាយថា តំបន់ដែលកំពុងត្រូវបានពិភាក្សារួមមានទីប្រជុំជនចំនួន៦កន្លែង ។