នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi និយាយថា កងទ័ពសហរដ្ឋអាមេរិកនឹងដកចេញពីប្រទេសរបស់លោកទាំងស្រុងនៅចុងខែកញ្ញា។ លោកបានប្រកាសកាលពីថ្ងៃអង្គារនៅឯសេតវិមាន ជាកន្លែងដែលលោកបានទៅធ្វើទស្សនកិច្ចដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ក្រុមហ៊ុនអាមេរិកនឹងចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងអភិវឌ្ឍពីភាពជាដៃគូយោធាទៅជាសេដ្ឋកិច្ច។ លោក Trump បាននិយាយថា យោធាអាមេរិកលែងត្រូវការនៅក្នុងប្រទេសអ៊ីរ៉ាក់ទៀតហើយ ហើយក្រុមហ៊ុនប្រេងនឹងចូលទៅក្នុងប្រទេសនេះ និងបង្កើតភាពជាដៃគូនៅទីនោះ។

លោកបានសម្តែងក្តីសង្ឃឹមថា ក្រុមហ៊ុនអាមេរិកនឹងពង្រីកអាជីវកម្មប្រេងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។ កងទ័ពអាមេរិក បានដាក់មូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីមានការឈ្លានពានឆ្នាំ២០០៣។ ពួកគេបានដកកងទ័ពចេញពីប្រទេសនេះទាំងស្រុង ប៉ុន្តែបានវិលត្រឡប់ទៅវិញដើម្បីឆ្លើយតបទៅនឹងការកើនឡើងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ សហរដ្ឋអាមេរិក បានបញ្ចប់បេសកកម្មប្រយុទ្ធរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០២១។
ខណៈកងកម្លាំងអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់កងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ការព្រួយបារម្ភកំពុងកើនឡើងដែលថាការដកកងទ័ពអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់ជុំវិញនោះ។