សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺកម្ពុជាឈរលើការដោះស្រាយដោយសន្ដិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អនុញ្ញាតឱ្យ លោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងពេលដែលលោកជំទាវធ្វើជាឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីនប្រចាំនៅកម្ពុជា, សម្ដេចបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស៊ីជម្រៅ។
នៅក្នុងឱកាសនោះលោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួប និងជម្រាបលានៅក្នុងឱកាសនេះ។ លោកជំទាវបានលើកឡើងថា ក្នុងអាណត្តិរបស់លោកជំទាវកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ រួមមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ហើយកម្រិតនៃការផ្លាស់ប្ដូរទស្សនកិច្ចនេះ បានកើនឡើងជាញឹកញាប់ដែលបានបញ្ជាក់ថាប្រទេសទាំងពីរមានភាពរឹងមាំលើទំនាក់ទំនងជាមួយគ្នា។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីនកំពុងតែបោះជំហានទៅមុខជាមួយគ្នាក្នុងការពង្រីកនូវវិស័យពាណិជ្ជកម្មជាមួយគ្នា និងការពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្ម។ លោកជំទាវបានលើកឡើងថា ហ្វីលីពីន ចាប់អាម្មណ៍ទៅលើផលិតផលកសិកម្មរបស់កម្ពុជា ហើយសង្ឃឹមថាទំហំនៃការនាំចេញពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែកើនឡើងជាបន្តបន្ទាប់ទៅទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនបានជម្រាបសម្ដេចតេជោថា៖«ប្រទេសកម្ពុជា គឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីនមកទស្សនានៅក្នុងប្រទេសកម្ពុជា»។
សម្ដេចតេជោ បានសម្ដែងនូវការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអរគុណចំពោះលោកជំទាវដែលបានខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែរឹងមាំ។ សម្ដេចតេជោ ក៏បង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតចំពោះទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងទំនាក់ទំនងដ៏ល្អលើផ្នែកនយោបាយរវាងប្រទេសទាំងពីរផងដែរ។
សម្ដេចតេជោបានចាត់ទុកថា ពាណិជ្ជកម្ម សេដ្ឋកិច្ច ជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន។ បន្ថែមលើនេះ សម្ដេចតេជោ សង្ឃឹមថា ផលិតផលកសិកម្ម និងការនាំចេញ ឬការនាំចេញរបស់កម្ពុជា ជាពិសេសគឺអង្ករនឹងនាំទៅកាន់ប្រទេសហ្វីលីពីនកាន់តែមានការកើនឡើង។
សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យមានការពង្រីកនូវជើងហោះហើររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ក្នុងទិសដៅឱ្យប្រជាជន និងប្រជាជនប្រទេសទាំងពីរមានភាពសកម្មក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនតាមរយៈវិស័យទេសចរណ៍ទស្សនាប្រទេសទាំងពីរទៅវិញទៅមក។
នៅក្នុងជំនួបនេះសម្ដេចតេជោ ក៏បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ពន្យល់ទៅកាន់លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនផងដែរ ដោយសម្ដេចបានបញ្ជាក់នូវជំហរជាថ្មីជូនចំពោះលោកជំទាវថា កម្ពុជាគឺប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយនឹងថៃ ដោយសន្ដិវិធីឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក។
ក្នុងឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាននឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃឱ្យបានលទ្ធផលជាផ្លែផ្កាក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន៕






