យោងតាមបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងថា កងកម្លាំងអាមេរិកកាលពីថ្ងៃពុធបានបាញ់មីស៊ីល និងធ្វើឱ្យជាប់គាំងនាវាដឹកប្រេងពុំមានផ្ទុកប្រេងមួយគ្រឿងដែលប៉ុនប៉ងបើកឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់មួយកន្លែងនៅឈូងសមុទ្រអារ៉ាប់។

បញ្ជាការដ្ឋានបាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា នាវាពាណិជ្ជកម្មដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជានាវា M/T Belma មានទង់ជាតិប្រទេសកោះ Curacao បានមិនអើពើទៅនឹងការព្រមានជាច្រើនលើក ខណៈនាវាបានព្យាយាមរំលោភលើការបិទផ្លូវរបស់សហរដ្ឋអាមេរិក។

យន្តហោះអាមេរិកមួយគ្រឿង បានធ្វើឱ្យជាប់គាំងនាវាដែលកំពុងបើកឆ្ពោះទៅកាន់កោះ Kharg បន្ទាប់ពីបាញ់មីស៊ីលត្រូវបំពង់ផ្សែងរបស់នាវា។ នាវានេះលែងធ្វើដំណើរឆ្លងកាត់បានទៅអ៊ីរ៉ង់ទៀតហើយ។
កងកម្លាំងអាមេរិក បានដាក់ការបិទផ្លូវដោយកងទ័ពជើងទឹករបស់ខ្លួនជាថ្មីប្រឆាំងនាវាដែលធ្វើដំណើរឆ្លងកាត់ទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។
យោងតាមបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា យោធាអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវាយប្រហារពីរលើកទៅលើប្រទេសអ៊ីរ៉ង់។