ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា រដ្ឋធានីគីវ បានរងការវាយប្រហារដ៏ធំរបស់រុស្ស៊ី ខណៈមីស៊ីលផ្លោងបានធ្លាក់លើស្រុកជាច្រើន ដែលបង្កឱ្យមានការផ្ទុះឆេះ។

ដោយសរសេរលើ Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Vitali Klitschko អភិបាលក្រុងគីវបាននិយាយថា សេវាកម្មសង្គ្រោះបន្ទាន់កំពុងព្យាយាមពន្លត់អគ្គិភ័យនៅទូទាំងរដ្ឋធានី បន្ទាប់ពីឃ្លាំងមួយនៅក្នុងស្រុក Sviatoshynskyi និងអគារមិនមែនលំនៅឋាននៅក្នុងស្រុក Darnytskyi ត្រូវបានវាយប្រហារ។

លោកបានបន្ថែមថា កម្ទេចកម្ទីមីស៊ីលដែលធ្លាក់មកក៏បានប៉ះចំតំបន់អភិវឌ្ឍន៍មិនមែនលំនៅឋានមួយនៅក្នុងស្រុក Darnytsia ផងដែរ ដែលបង្កឱ្យមានអគ្គិភ័យបន្ថែម ។
ក្រោយមក បញ្ជាការកងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា ការគំរាមកំហែងភ្លាមៗត្រូវបានដកចេញបន្ទាប់ពីប្រហែលមួយម៉ោង។

ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានទៅទស្សនកិច្ចទីក្រុងគីវ ហើយបានប្រកាសពី "កិច្ចព្រមព្រៀងយានដ្រូន" ថ្មីរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះមានគោលបំណងលាយបញ្ចូលជំនាញសមរភូមិរបស់ទីក្រុងគីវជាមួយនឹងសមត្ថភាពឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្មយ៉ាងឆាប់រហ័ស។
ថ្លែងនៅក្នុងពិធីមួយនាឱកាសប្រារព្ធទិវាឯករាជ្យជាតិអ៊ុយក្រែន លោកស្រី von der Leyen បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ «បញ្ចូលគ្នានូវចំណុចខ្លាំងរបស់ខ្លួន» ដោយបញ្ជាក់ថាកិច្ចព្រមព្រៀងនេះនឹង នាំមកនូវភាពប៉ិនប្រសប់របស់អ៊ុយក្រែន និងទំហំឧស្សាហកម្មរបស់អឺរ៉ុប៕