ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ថាជាការគំរាមកំហែងសន្តិសុខជាតិ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Alireza Yousefi អគ្គនាយកទទួលបន្ទុកអឺរ៉ុបភាគខាងលិចនៅក្នុងក្រសួងការបរទេស ជាអ្នកដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹងសកម្មភាពអរិភាពនេះ។

លោក Yousefi បានរិះគន់ការថ្លែងលើកឡើង «មិនសមរម្យ ប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីសន្តិសុខអង់គ្លេស លោកស្រី Angela Eagle ក្នុងសុន្ទរកថាមួយទៅកាន់សភា ដោយនិយាយថា ការអះអាង «គ្មានមូលដ្ឋាន» ប្រឆាំងកងឆ្មាំបដិវត្តអ៊ិស្លាម(IRGC) គឺជា «ចំណាត់ការមិនទទួលខុសត្រូវ និងផ្ទុយទៅនឹងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់រដ្ឋាភិបាលអង់គ្លេស ព្រមទាំងគោលការណ៍ជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនានា»។
លោកស្រី Eagle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចក្រភពអង់គ្លេសបាន «កំណត់អត្តសញ្ញាណសកម្មភាពទាក់ទងនឹងកងឆ្មាំបដិវត្តអ៊ិស្លាម(IRGC) ពាក់ព័ន្ធនឹងការគំរាមកំហែងដល់អាយុជីវិត និងការបំភិតបំភ័យនៅលើទឹកដីចក្រភពអង់គ្លេស»។ លោក Yousefi បានព្រមានថា ច្បាប់អរិភាពណាមួយដែលកំណត់គោលដៅលើអ៊ីរ៉ង់ ឬស្ថាប័នរបស់ខ្លួន នឹងប្រឈមការឆ្លើយតប «ដ៏ខ្លាំងក្លា និងទៅវិញទៅមក» ពីប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលអង់គ្លេស បានប្រកាសកាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ខ្លួនកំពុងចាត់វិធានការដើម្បីកំណត់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់(IRGC) និងអង្គការពីរផ្សេងទៀត ថាជាការគំរាមកំហែងសន្តិសុខជាតិ។