ប្រធានាធិបតី លោ កVolodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ទី ១៥ ខែកក្កដា ថា អ៊ុយក្រែន រំពឹងថានឹងមានសមត្ថភាពបច្ចេកទេសក្នុងការផលិតមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ផលិតដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។

លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនមានជើងទម្របាញ់មីស៊ីល និងមីស៊ីលសម្រាប់គម្រោងប្រឆាំងមីស៊ីលបាលីស្ទីក Freyja មកពីអឺរ៉ុប ហើយសង្ឃឹមថាការធ្វើតេស្តរបស់ខ្លួននឹងទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ថា សហភាពអឺរ៉ុប និងអ៊ុយក្រែនបានចុះហត្ថលេខាលើភាពជាដៃគូឧស្សាហកម្មការពារជាតិថ្មី ក្នុងគោលបំណងពង្រីកការផលិតយានដ្រូនរួមគ្នា ដោយការរួមបញ្ចូលគ្នានូវជំនាញនៅសមរភូមិរបស់អ៊ុយក្រែនជាមួយនឹងសមត្ថភាពផលិតរបស់អឺរ៉ុប។
ថ្លែងនៅក្នុងពិធីអបអរទិវារដ្ឋរបស់អ៊ុយក្រែននៅទីក្រុងគីវ លោកស្រី von der Leyen បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «កិច្ចព្រមព្រៀងយានដ្រូនរបស់យើងផ្ទាល់» និងបាននិយាយថា កិច្ចព្រមព្រៀងនឹងគាំទ្រដល់ការផលិតរួមគ្នា ការវិនិយោគ និងការពង្រីកការផលិតវិស័យពារជាតិ។
ប្រធានាធិបតី លោក Volodymyr Zelenskyy កាលពីថ្ងៃពុធបាននិយាយថា អ៊ុយក្រែនបានផលិតយានដ្រូនចំនួន១០លានគ្រឿងជារៀងរាល់ឆ្នាំរួចហើយ ហើយត្រូវបានគេរំពឹងថានឹងបង្កើនទិន្នផលនេះទ្វេដង ដោយមានការគាំទ្រពីដៃគូអឺរ៉ុបរបស់ខ្លួន។

