អង្គការសហប្រជាជាតិនិយាយថា តម្រូវការមនុស្សធម៌នៅតំបន់ហ្កាហ្សានៅតែធ្ងន់ធ្ងរ ដោយមនុស្សប្រមាណ ១,៤ លាននាក់ត្រូវការការគាំទ្រទីជម្រករយៈពេលវែង រួមទាំងមនុស្ស ៨៥០.០០០នាក់ ត្រូវការទីជម្រកបន្ទាន់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អនុប្រធានសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីន លោកស្រី Suzanna Tkalec បានដឹកនាំបេសកកម្មមនុស្សធម៌រួមគ្នាទៅកាន់អតីតសាលារៀនរបស់អង្គការសហប្រជាជាតិមួយកន្លែងក្នុងទីក្រុង Deir Al-Balah ជាកន្លែងដែលគ្រួសារភៀសខ្លួនប្រហែល ១៨ គ្រួសារបានរស់នៅរយៈពេលជាងមួយឆ្នាំកន្លះមកហើយ។ ទីតាំងនេះស្ថិតនៅចម្ងាយប្រហែល ៥០ យ៉ាតពីអ្វីដែលគេហៅថាខ្សែបន្ទាត់លឿង ហើយការរឹតត្បិតដំណើការចូលទៅកាន់កន្លែងផ្តល់ជំនួយត្រូវបានបានរារាំង។

ក្រុមគ្រួសារជាច្រើនបានរាយការណ៍ពីតម្រូវការបន្ទាន់ រួមមានទឹកស្អាត ស្បៀងអាហារ ការថែទាំសុខភាព អនាម័យ និងការអប់រំ ខណៈភាពអសន្តិសុខ និងកង្វះជម្រើសផ្សេងៗនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពរស់នៅ។
លោក Dujarric បាននិយាយថា ដៃគូមនុស្សធម៌បានចែកចាយរបស់របរទាក់ទងនឹងទីជម្រកជាង ៣៧៨.០០០មុខ ក្នុងរយៈពេលមួយខែកន្លងទៅនេះ ប៉ុន្តែបានព្រមានថា បើគ្មានមូលនិធិបន្ថែមទេ ស្តុកដែលអស់មិនអាចត្រូវបានបំពេញឡើងវិញបានឡើយ ធ្វើឱ្យគ្រួសារងាយរងគ្រោះស្ថិតក្នុងហានិភ័យខ្ពស់នៅមុនរដូវរងា។