ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃពុធថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិកទៅលើខេត្តភាគខាងត្បូងប្រទេសនេះ បានសម្លាប់មនុស្ស ៣៥នាក់ និងជាង ៣០០នាក់ផ្សេងទៀត រងរបួស។

លោក Hossein Kermanpour ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រសួងនេះ បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ស្ត្រីពីរនាក់ និងក្មេងជំទង់ម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ។
លោក Kermanpour បានបន្ថែមថា ខេត្តហូមូសហ្គាន (Hormozgan) ភាគខាងត្បូង និងខេត្តស៊ីស្តាន (Sistan) និងបាឡូជីស្តាន (Baluchestan) ភាគអាគ្នេយ៍ បានកត់ត្រាចំនួនអ្នកស្លាប់ និងអ្នករងរបួសច្រើនជាងគេ ខណៈដែលក្នុងចំណោមអ្នករងរបួសទាំងនោះ មាន ៧២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

កងទ័ពអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ទាហាន ៧នាក់ បានស្លាប់ និង ១៣នាក់ផ្សេងទៀត រងរបួស ក្នុងការវាយប្រហារមួយនៅព្រឹកថ្ងៃពុធ ដែលបានកំណត់គោលដៅទៅលើបន្ទាយយោធាមួយ នៅក្នុងតំបន់បាំពួរ (Bampur County) ក្នុងខេត្តស៊ី ស្តាន និងបាឡូជីស្តាន។
យោធាអាមេរិកបានបើកការវាយប្រហារជាច្រើនលើកប្រឆាំងនឹងខេត្តភាគខាងត្បូងរបស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយអះអាងថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងការកំណត់គោលដៅរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ទៅលើនាវានៅក្នុងច្រកសមុទ្រហ័រមូស និងមានគោលបំណងធ្វើឲ្យចុះខ្សោយនូវសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម»៕