ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានពង្រីកទណ្ឌកម្មរបស់ខ្លួនលើវិស័យប្រេងរបស់អ៊ីរ៉ង់ ដោយបន្តកំណត់គោលដៅលើបណ្តាញដឹកជញ្ជូនប្រេងដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋីដឹកជញ្ជូនប្រេង លោក Mohammad Hossein Shamkhani។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ក្រសួងក៏បានបង្កកទ្រព្យសម្បត្តិឌីជីថលមានតម្លៃ ១៣០ លានដុល្លារ ដែលរក្សាទុកក្នុងកាបូបឌីជីថល (digital wallets) ដែលមានទំនាក់ទំនងនឹងធនាគារកណ្តាលអ៊ីរ៉ង់ផងដែរ ដោយកំណត់គោលដៅលើវិស័យមួយ ដែលបានឃើញសកម្មភាពកើនឡើង ចាប់តាំងពីសង្គ្រាមនេះ បានផ្ទុះឡើង។

ការសម្រេចនេះ បានកើតឡើង បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ជាបន្តបន្ទាប់រយៈពេល ៤ ថ្ងៃជាប់គ្នា និងបានដាក់ឡើងវិញនូវការបិទខ្ទប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹក ខណៈដែលអ៊ីរ៉ង់បានឆ្លើយតបដោយវាយប្រហារលើនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រហ័រមូស។ នេះបើយោងតាមអង្គការសមុទ្រអន្តរជាតិ (IMO)។
អ៊ីរ៉ង់បានចាប់ផ្តើមបិទច្រកសមុទ្រហូមូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនថាមពល បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ។ ជាការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោនបានដាក់ឡើងវិញនូវការបិទខ្ទប់ផ្លូវសមុទ្រលើកំពង់ផែរបស់អ៊ីរ៉ង់ ចាប់ពីពាក់កណ្តាលខែមេសា ដល់ពាក់ កណ្តាលខែមិថុនា៕